ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ហិង្សាមួយ នៅពីវេលាម៉ោង១២ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ក្នុងរឿងរ៉ាវនេះ ផ្តើមមកពីបុរសម្នាក់ បានមកទិញផ្លែឈើ នៅក្នុងហាងមួយ រួចទិញអស់ចំនួនជាង១លានរៀល ហើយអ្នកទិញក៏បានឱ្យលុយទៅ បុរសម្នាក់ដែលនៅក្នុងហាងលក់ផ្លែឈើនោះ តែបុរសនោះមិនមែន ជាម្ចាស់ហាងផ្លែឈើទាំងនោះទេ អាចជាបងប្អូនអ្នកលក់ ពេលបុរសនោះបានលុយហើយ បែរជាមិនឲ្យលុយទៅអ្នកលក់ពិតប្រាកដនោះទេ គឺយកទៅចាយអស់ទៅវិញ បន្ទាប់មកអ្នកលក់ពិតប្រាកដ ក៏ឱ្យអ្នកទិញមកដោះស្រាយគ្នា រហូតបង្កជាហឹង្សាមួយ រវាងអ្នកទិញ និងបុរសដែលជាអ្នកយកលុយ រហូតបុរសនោះ យកដាវមកកាប់អ្នកទិញត្រូវក្បាលមួយដាវ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនបង្ក និង ភាគីអ្នកទិញភ្លាមៗ ដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖មីដា