Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយកញ្ញា មាន ពេជ្ររីតា ត្រូវតុលាការសម្រេចដោះលែង ឲ្យមានសេរីភាពវិញ លោក យឹម តាស្រង់ ក៏ស្រាប់តែមានពាក្យលើកឡើងថា…

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងនឹងដំណើររឿងក្តី ប្តឹងផ្តល់ចោទប្រកាន់គ្នាទៅវិញទៅមក រវាងពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា (ហៅយូប៊ី) និងឧកញ៉ា ហេង សៀ។

ពិតណាស់ ដំបូងឡើយ ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ពីបទលួចមានស្ថានភាពទម្ងន់ទោស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ តែទោះយ៉ាងណា បន្ទាប់មក កញ្ញា ពេជ្ររីតា ក៏បានប្តឹងបកទៅលើឧកញ៉ារូបនេះវិញ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកញ្ញាបានលើកហេតុផលក្នុងពាក្យបណ្តឹងថា រឿងនេះបានកើតឡើងគឺនៅពេលឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ ប៉ុន្តែ បែរឧកញ្ញារូបនេះមានគំនិតធ្វើទង្វើបែបនេះមកលើរូបនាងទៅវិញ។

តែទោះយ៉ាងណា បណ្តឹងបករបស់នាង ហាក់ពុំមានប្រសិទ្ធភាពនោះទេ ដោយនាងនៅតែត្រូវបានជាប់ឃុំដដែល។ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើរឿងនេះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក៏បានដាក់លិខិតស្នើសុំដោះលែងកញ្ញា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ដោយឡែក ថ្មីៗនេះ បើយោងតាមដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ចាក់ឲ្យដឹងថា នៅពេលនេះ តុលាការបានសម្រេចលើកលែង ការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ដែលប្តឹងដោយ ឧកញ៉ា ហេង សៀ ហើយ។

យ៉ាងណាមិញ ក្រោយពីបានឃើញសេចក្តីសម្រេចរបស់តុលាការ សម្រេចលើកលែង ការចោទប្រកាន់ទៅលើកញ្ញា មាន ពេជ្ររីតា រួចមក អ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្ម Galaxy Navatra គឺលោក យឹម តាស្រង់ ក៏បានលើកឡើងដូច្នេះថា៖ «រឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈហើយពេលនេះ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយ។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ និងជួយការពារតម្លៃអ្នកសិល្បៈ ជាពិសេសស្រ្តីតែម្តង ពោលគឺសម្តេចទាំងទ្វេតាមដានគ្រប់ពេលវេលា និងបញ្ជាឲ្យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោស្រាវជ្រាវ រកយុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដឲ្យខាងតែបាន។

សូមថ្លែងអំណរគុណដល់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់ កម្លាំងកាយកម្លាំងប្រាជ្ញា ជួយស្រាវជ្រាវយកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលជាអ្នកសិល្បៈទន់ខ្សោយ។ នេះគឺជាជោគជ័យរបស់អ្នកសិល្ប:ទាំងមូល និងក៏ជាជោគជ័យ របស់ស្ត្រីទូទាំងប្រទេសផងដែរ។ តម្លៃ និងកិត្តិយសរបស់ស្ត្រីត្រូវបានការពារដោយច្បាប់ ដោយនាយករដ្ឋមន្ត្រី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×