ភ្នំពេញ ៖ ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។

នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិ ស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់នៅ ក្នុងដែនជម្រកសត្វព្រៃឆែបថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តនិងចូលរួម ដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាត នៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយនៅថ្ងៃទី៩ ខែមិថុនានេះ នឹងត្រូវបូកសរុបក្រោយបញ្ចប់ នៅល្ងាចថ្ងៃទី៩ ខែមិថុនានេះ។
គួរកត់សម្គាល់ថា នៅអាហារដ្ឋានត្មាត ក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាត ចំនួន ៦១ ក្បាល ក្នុងនោះរួមមានត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ ក្បាល និងត្មាតត្មាតត្នោតចំនួន ១៩ ក្បាល។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្ស នៅតាមតំបន់ការពារធម្មជាតិតាម រយៈការផ្តល់ចំណីបន្ថែមមួយខែ ២ ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅ នៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដង ដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជា រួមមាន ត្មាតផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះ មានវត្តមាននៅភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប។
សត្វត្មាតមានវត្តមាននៅកម្ពុជា មានតែបីប្រភេទគឺ ១)ត្មាតភ្លើង ២)ត្មាតត្នោត និង ៣)ត្មាតផេះ។
សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ ដងក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូង ហើយស៊ីសាកសពជាអាហារ។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជ នៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះ ជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការដៃគូ នានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍ នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតងាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះ ស៊ីសាកសពសត្វងាប់ដោយសារតែថ្នាំពុល។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងនាមក្រសួងបរិស្ថាន សូមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វត្មាតជាសត្វស្លូត និង ជាអ្នកដែល សម្អាតបរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ សម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





