Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមចាប់ជនសង្ស័យម្នាក់ តាំងខ្លួនជាក្រឡាបញ្ជីធ្វើកម្មសិក្សា របស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើរឆបោកគេ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់បានឆ្លើយសារភាពថាពិតជាបានឆបោកប្រាក់ពីជនរងគ្រោះទាំងបីនាក់ ដោយបានអះអាងថា ខ្លួនជាក្រឡាបញ្ជីធ្វើកម្មសិក្សារបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីឆបោក ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ ស៊ុំ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ២.ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះទាំង៣នាក់រួចមក លោក នួន នីណារ៉ូ បានរាយការណ៍ជូនលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បន្ទាប់មកលោក ម៉ែន ភិរម្យ រាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត និងមានការឯកភាពពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឃាត់ខ្លួនជនសង្ស័យឈ្មោះ នី ឆេងឡេង នេះនៅមូលមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះនី ឆេងឡេង រូបនេះក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយចាប់តាំងពីពេលនោះមក រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដោយរូបគេអះអាងថា គេជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ទៀតផង ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន២,៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើផ្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់១,៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន១,២៥០ដុល្លារ ហើយរូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះមិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេបានប្រាក់ទាំងនេះមកទុកខ្លួនឯងទាំងអស់។

ក្រោយពីបានបញ្ចប់ការស៊ើបអង្កេតបញ្ជាក់ឱ្យឃើញថា ផ្អែកតាមកំណត់ហេតុបំភ្លឺពីជនរងគ្រោះ និងផ្អែកលើចម្លើយសារភាពពីជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ បញ្ជាក់ឱ្យឃើញថាជនសង្ស័យឈ្មោះ នី ឆេងឡេង ពិតជាបានប្រព្រឹត្តបទល្មើស ឆបោក ពិតប្រាកដមែន ។

នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីបុគ្គលឆបោកឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានតាំងខ្លួនជាក្រឡាបញ្ជី ឬជាជំនួយការផ្ទាល់ របស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

កាលពីថ្ងៃទី១១ ខែមករា ថ្ងៃទី១២ ខែមេសា ថ្ងៃទី០៦ ទី០៨ និងទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ នី ឆេងឡេង បានធ្វើសកម្មភាពឆបោកប្រាក់ពី ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ ២៦ឆ្នាំ ឈ្មោះ វុទ្ធី វណ្ណថា ភេទ ប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ សួន ស៊ីម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ ដោយអះអាងថា៖ ខ្លួនជាក្រឡាបញ្ជីកម្មសិក្សារបស់លោក អាំង ចិន្តា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ អាចជួយដោះស្រាយរឿងក្តី ធ្វើប្លង់ដី ធ្វើផ្លាកលេខយានយន្ត និងដោះស្រាយរឿងក្ដីផ្សេងៗរបស់ប្រជាពលរដ្ឋ។ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ នី ឆេងឡេង ភេទប្រុស ពាក់ព័ន្ធនឹងករណី ឆបោក និងបញ្ចូនមកអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។

បន្ទាប់ពីស្តាប់ចម្លើយ និងពិនិត្យសំណុំរឿង តំណាងអយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ នី ឆេងឡេង ពីបទឆបោក” បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រម ព្រហ្មទណ្ឌ ហើយបុគ្គលនេះត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ។

ជននេះបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានឆបោកប្រាក់ពីជនរងគ្រោះទាំងបីនាក់ខាងលើពិតប្រាកដមែន ដោយបានអះអាងថា ខ្លួនជាក្រឡាបញ្ជីធ្វើកម្មសិក្សារបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជនទាំងអស់ ជ្រាបថា៖ បុគ្គលឈ្មោះ ឆេងឡេង មិនមែនជាក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យ ឬជាជំនួយការរបស់លោកចៅក្រម អាំង ចិន្តា នោះទេ ហើយបុគ្គលនេះក៏មិនមានការងារ ឬការពាក់ព័ន្ធអ្វីជាមួយ នឹងស្ថាប័នសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។

អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមធ្វើការរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ សូមកុំជឿលើការឆបោករបស់ជនខិលខូចមួយចំនួន ដែលបានយកឈ្មោះចៅក្រម ក្រឡាបញ្ជី ឬមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យ ណាម្នាក់ ទៅអះអាងក្នុងការជួយដោះស្រាយរឿងក្តី ដើម្បីទាមទារផល ប្រយោជន៍ពីបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យសោះ។ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើល្មើស នឹង ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×