ភ្នំពេញ ៖ ជនជាតិខ្មែររស់នៅវៀតណាមមានប្រមាណជាង១លាន៣សែននាក់ ដោយរស់នៅប្រមូលផ្តុំនៅតាមបណ្តាខេត្តនានា នៃភូមិភាគនិរតីនៃប្រទេសវៀតណាម ក្នុងនោះខេត្តដែលមានប្រជាជនខ្មែររស់នៅច្រើនកុះករមានដូចជា៖ ខេត្តសុកត្រាំង ត្រាវិញ អានយ៉ាង និងខេត្តកៀងយ៉ាងជាដើម។ នៅទីនោះប្រជាជនខ្មែរកំពុងតែថែរក្សា និងអភិរក្សមរតកបេតិកភណ្ឌវប្បធម៌មិនអាចកាត់ថ្លៃបានក្រោមទម្រង់សិល្បៈដ៏ល្អឯកជាច្រើនដូចជា របាំ សិល្បៈល្ខោនយីកេ សិល្បៈចម្លាក់ សិល្បៈរចនាតុបតែងលម្អ វិចិត្រកម្ម តូរ្យតន្ត្រី អក្សរសាស្រ្តប្រជាប្រិយ និងសិល្បៈវប្បធម៌ជាច្រើនទៀតដ៏សម្បូរបែប។
រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីជាច្រើនរបស់ជនជាតិខ្មែររស់នៅប្រទេសវៀតណាម តែងត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អភិរក្ស ថែរក្សា និងផ្សព្វផ្សាយតាមរយៈសកម្មភាពជាច្រើន ដូចជាការសិក្សាស្រាវជ្រាវ ធ្វើសិក្ខាសាលា រៀបចំធ្វើពិធីបុណ្យទាន មហោស្រពសម្តែងសិល្បៈ និងកម្មវិធីប្រកួតកីឡាប្រពៃណីទ្រង់ទ្រាយធំជាដើម។
តំបន់នានានៅវាលទំនាបទន្លេគឺវឡុង ដូចជាខេត្តត្រាវិញ បាកលៀវ សុកត្រាំង និងខេត្តអានយ៉ាង គឺជាកន្លែងដែលមានជនជាតិខ្មែររស់នៅច្រើនកុះករ និងបានអភិរក្ស ពង្រីកនិងផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីទាក់ទិននឹងប្រភេទមុខម្ហូបអាហារ សិប្បកម្ម និងទម្រង់សិល្បៈប្រពៃណីមួយចំនួនទៀតពាក់ព័ន្ធទៅនឹងពិធីបុណ្យទានសំខាន់ៗ ដូចជាបុណ្យចូលឆាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុកជាដើម។ អត្តសញ្ញាណដ៏ល្អប្រពៃរបស់ជនជាតិខ្មែរ គឺមានមូលដ្ឋានវប្បធម៌ជឿនលឿនដ៏សម្បូរបែបផ្សារភ្ជាប់ជាមួយនឹងជំនឿ និងនាំមកនូវពណ៌សម្បុរដាច់ដោយឡែកដោយទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា និងព្រះពុទ្ធសាសនា។
ព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ ហើយទទួលបានការគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីជនជាតិខ្មែរដែលរស់នៅវាលទំនាបទន្លេគឺឡុង ដោយភាគច្រើនសុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ។
វត្តអារាមខ្មែរជាទូទៅសាងសង់ឡើងដោយមានក្បូរក្បាច់រចនាពិសេសខុសប្លែកពីគេ បង្ហាញពីស្ថាបត្យកម្ម និងវប្បធម៌ខ្មែរដ៏ប្រពៃ។ វត្តអារាមខ្មែរត្រូវបានសាងសង់ដោយមានដំបូលខ្ពស់បញ្ឈរត្រង់ មានក្បូរក្បាច់រចនាព្រមជាមួយនឹងការផាត់ពណ៌មាស មានពុទ្ធបដិមា គំនូររូបព្រះពុទ្ធ អាទិទេពកបិលមហាព្រហ្ម នាងកង្ហីងព្រះធរណី រាហូចាប់ចន្ទ ទេពអប្សរ របាំអប្សរា កិន្នរ ស្តេចគ្រុឌ ហនុមាន។ល។
វត្តអារាមគឺជាកន្លែងសម្រាប់ប្រារព្ធពិធីព្រះពុទ្ធសាសនា ជាកន្លែងសម្រាប់បង្រៀនអក្សរសាស្ត្រខ្មែរ ពិធីបុណ្យទានផ្សេងៗ អប់រំណែនាំចែករំលែកបទពិសោធន៍បង្កបង្កើនផល ជាកន្លែងថែរក្សា អភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិខ្មែរ។ ជំនឿ និងវប្បធម៌របស់ជនជាតិខ្មែរ ត្រូវបានបង្ហាញឲ្យឃើញតាមរយៈពិធីបុណ្យនានាដូចជាពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទទួលមហាសង្ក្រាន្តថ្មី វារៈវ័នបត វារៈឡើងស័ក ពិធីសំពះព្រះខែ (បុណ្យសែនដូនតា) ហើយនៅមានពិធីបុណ្យផ្សេងៗទៀតរហូតដល់ទៅជិត៣០ពិធីបុណ្យដែលប្រសូត្រចេញពីប្រភពជំនឿប្រជាប្រិយ និងព្រះពុទ្ធសាសនា។
សម្លៀកបំពាក់របស់ជនជាតិខ្មែរក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរគឺមាន “សំពត់” សម្រាប់នារី ចំណែក “សារុង” សម្រាប់បុរស។ ចំពោះតូរ្យតន្រ្តីជនជាតិខ្មែរ មានវង់ភ្លេងពិណពាទ្យ និងក្រៅពីនេះក៏មានឧបករណ៍ភ្លេងផ្សេងទៀតផងដែរដូចជា ឆឹង វង់ភ្លេងខ្សែ ខ្លុយជាដើម។ សិល្បៈរបាំមាន របាំយីកេ រាំវង់ ឡាំលាវ សារវ៉ាន់ អាយ៉ៃ ឆៃយ៉ាំ បទចម្រៀងបំពេរកូនជាច្រើនទៀត។ សិល្បៈរបាំរបស់ជនជាតិខ្មែរ ប្រមូលផ្តុំទៅដោយទេពកោសល្យ ចំណេះដឹង ច្នៃប្រឌិត អត្តសញ្ញាណ តម្លៃវប្បធម៌ សង្គម និងគុណតម្លៃនៃសោភ័ណភាពរបស់សហគមន៍។ សិល្បៈរបាំគឺផ្តល់ជាប្រយោជន៍ដល់ការថែរក្សាវប្បធម៌ និងបណ្តុះស្មារតីដ៏វិសេសវិសាល ព្រមទាំងជាចំណីអារម្មណ៍របស់ជនជាតិខ្មែរ នៅពេលសម្រាកពីការប្រកបការងារហត់នឿយផង។ បច្ចុប្បន្ននេះ ជនជាតិខ្មែររក្សាបាននូវទម្រង់របាំចំនួន៣ប្រភេទធំៗគឺ របាំប្រជាប្រិយ របាំអារក្ស និងរបាំល្ខោនផ្សេងៗ។
ដោយឡែក ការបង្រៀន និងការរៀនអក្សរខ្មែរតែងតែត្រូវបានប្រទេសវៀតណាមយកចិត្តទុកដាក់ជាសំខាន់ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សអក្សរខ្មែរ និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមក៏បានបង្កើនការចំណាយលើការវិនិយោគផ្នែកសិក្សាអក្សរសាស្ត្រខ្មែរ តាមរយៈការចំណាយលើឧបករណ៍បង្រៀននៅតាមបណ្តាសាលាមធ្យមសិក្សាភាសាបាលី សាលាអន្តេវាសិកជនជាតិ អាជ្ញាធររបស់ប្រទេសវៀតណាមគ្រប់ផ្នែកគ្រប់លំដាប់ថ្នាក់ បានសហការជាមួយវត្តអារាម ចាត់តាំងបង្រៀនជូនសិស្សសាលាបឋមសិក្សាជនជាតិខ្មែរ រៀនភាសាខ្មែរបន្ថែមរយៈពេល៣ខែក្នុងអំឡុងពេលវិស្សមកាលនៅតាមវត្តនានាហើយផ្គត់ផ្គង់សៀវភៅសិក្សា បណ្តុះបណ្តាលវិជ្ជាជីវៈជូនគ្រូបង្រៀនទាំងពីរភាសា (ព្រមទាំងព្រះសង្ឃផងដែរ) ។ ទន្ទឹមនឹងនោះដែរ ក្រុមអ្នកជំនាញក៏បានប្រមូលគ្នាចូលរួមក្នុងការចងក្រង កែសម្រួល សៀវភៅសិក្សាជាភាសាខ្មែរគ្រប់ប្រភេទ ឲ្យមានលក្ខណៈជាប្រព័ន្ធ គ្រប់កម្រិតវិជ្ជាដើម្បីបំពេញ តម្រូវការសិក្សារៀនសូត្រ លើកកម្ពស់ចំណេះវិជ្ជាភាសាដើមកំណើតរបស់សិស្សានុសិស្ស សមណសិស្សទាំងឡាយ និងប្រជាពលរដ្ឋខ្មែរ កាត់បន្ថយស្ថានភាពមិនចេះអក្សរខ្មែរនៅក្នុងសហគមន៍ជនជាតិខ្មែរបន្តិចម្តងៗ។
នៅឆ្នាំ២០២១ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា (តាមសុរិយគតិ)។ បណ្តាផ្នែក អង្គការមហាជននៅតាមមូលដ្ឋានដូចជាខេត្ត សុកត្រាំង ត្រាវិញ បាកលៀវជាដើម បានរៀបចំកម្មវិធីអបអរសាទរ សម្តែងសិល្បៈប្រពៃណី និងល្បែងកម្សាន្តផ្សេងៗ បម្រើបងប្អូនជនជាតិខ្មែរក្នុងអំឡុងពេលទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ដោយអនុវត្តត្រឹមត្រូវតាមវិធានការបង្ការជំងឺកូវីដ-១៩ ដោយស្មារតីសប្បាយ រីករាយ សាមគ្គីភាព សុវត្ថិភាព និងសន្សំសំចៃ។ នៅមុនពេលពិធីចូលឆ្នាំថ្មីមកដល់ ពោលនៅ ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងកឹនធើ លោក ត្រឹនថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានថ្លែងនៅសុន្ទរកថារបស់លោកថា “នេះមិនត្រឹមតែជាពិធីបុណ្យធំរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ក៏ជាថ្ងៃសប្បាយរួមរបស់កងទ័ព និងប្រជាជនទីក្រុង កឹនធើ បង្ហាញពីសាមគ្គីភាព ផ្សារភ្ជាប់ស្អិតរមួត រវាងរដ្ឋាភិបាល កងទ័ពនិងបណ្តាបងប្អូនជនជាតិនៅក្នុងទីក្រុង” ជនជាតិខ្មែរទាំងអស់ចូររួបរួមសាមគ្គី ជំនះរាល់ការលំបាក ចាត់ចែងកម្មពិធីបុណ្យវប្បធម៌ប្រពៃណី ដើម្បីអំណរឆ្នាំថ្មីសប្បាយរីករាយនិងសុវត្ថិភាព។ បន្ត អនុវត្តគោលដៅពីរទន្ទឹមគ្នាគឺ “ទាំងការអភិវឌ្ឍសេដ្ឋកិច្ច ការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព” ។ ព្យាយាមសិក្សារៀនសូត្រដើម្បីកសាងជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើងជាលំដាប់។
សម្រាប់ទិសដៅអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ទាំងឡាយរបស់ខ្មែរ បណ្តាអាជ្ញាធររបស់វៀតណាមតែងតែបានផ្សព្វផ្សាយ និងអប់រំលើកកម្ពស់ការយល់ដឹង របស់សហគមន៍អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ ការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរមិនត្រឹមតែធ្វើឲ្យកាន់តែមានភាពសម្បូរបែបលើមូលដ្ឋានវប្បធម៌នៅក្នុងសហគមន៍បណ្តាជនជាតិវៀតណាមប៉ុណ្ណោះទេ តែវាថែមទាំងជាអាវុធមុតស្រួចវាយបំបែកឧបាយកលដែលបង្កឲ្យមាន “អស្ថេរភាព” ក្នុងប្រទេសទៀតផង។
យោងតាមលោក យឿង ហ្វាងស៊ុម ប្រធានមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ខេត្តត្រាវិញ៖ ខេត្តតែងតែគិតគូរអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិដែលរស់នៅលើភូមិសាស្រ្ត ក្នុងនោះមានជនជាតិខ្មែរផងដែរ គឺជាគ្រឹះដ៏ធំសម្រាប់ការបង្កើតឡើងផលិតផលទេសចរណ៍ដ៏វិសេសវិសាលជាច្រើននៅក្នុងកម្មវិធីទេសចរណ៍ក្រោមប្រធានបទបេតិកភណ្ឌសំដៅឧទ្ទេសនាមដល់ភ្ញៀវទេសចរ។ ម៉្យាងវិញទៀត បេតិកភណ្ឌវប្បធម៌បណ្តាជនជាតិ ក្នុងនោះជនជាតិខ្មែរមានតួនាទីសំខាន់ក្នុងការបង្ហាញទៅដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាខេត្តត្រាវិញ ពីជីវភាពរស់នៅជាក់ស្តែង។ស្របពេលជាមួយគ្នា ក៏មានជំរុញយ៉ាងខ្លាំងក្លាទៅលើការ បណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិរក្ស និងពង្រីកវប្បធម៌ជនជាតិខ្មែរ លើកកម្ពស់តួនាទីព្រះសង្ឃគ្រប់ព្រះអង្គ សិប្បករ អ្នកមានកិត្យានុភាពក្នុងសហគមន៍ បំពាក់បំព័ន្ធ ហ្វឹកហ្វឺន ឧបត្ថម្ភដល់ការងារបង្រៀននិងបន្តពង្រីកបណ្តាតម្លៃវប្បធម៌ សិល្បៈប្រពៃណី ជនជាតិនៃសហគមន៍ សង្គមូបនីយកម្មបណ្តាសកម្មភាពកីឡា និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ទន្ទឹមនឹងនោះ ការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ខ្មែរជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គឺជាកិច្ចការត្រូវធ្វើជាចាំបាច់ជាប់ជានិច្ច។ សមាសភាពការអភិរក្ស ការពង្រីកនិងអភិវឌ្ឍន៍គឺផ្តោតសំខាន់ ទៅលើការកសាងយន្តការគោលនយោបាយពិសេសដាច់ដោយឡែក សម្រាប់ការអភិរក្ស និងលើកកម្ពស់ជីវភាពវប្បធម៌ជូនជនជាតិខ្មែរ។ បច្ចុប្បន្ននេះ ភូមិរបរវប្បធម៍ – ទេសចរណ៍ខ្មែរនៅខេត្ត ត្រាវិញ (ស្ថិតនៅទីក្រុង ត្រាវិញនិងស្រុក ចូវថាញ់) ត្រូវបានលើកគម្រោងប្លង់គោលជាតំបន់ប្រជុំ ដោយប្រភេទសំណង់ជាច្រើនដូចជា៖ មណ្ឌលវប្បធម៌ខាងព្រលឹងវិញ្ញាណ កន្លែងម្ហូបអាហារ រមណីយដ្ឋានសម្រាកលម្ហែកាយ មណ្ឌលដាក់តាំងវត្ថុអនុស្សាវរីយ៍ ផលិតផលពិសេសប្រចាំខេត្ត ត្រាវិញ។ ហើយនេះក៏ជាឱកាសដែលភ្ញៀវទេសចរអាចស្វែងយល់ ពីលក្ខណៈដ៏ល្អឯកនៃមូលដ្ឋានវប្បធម៌ខ្មែរ ពិធីកិច្ច ទំនៀមទម្លាប់ បានប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុកជាអាទិ និងបានរួមចំណែកក្នុងការផ្សព្វផ្សាយសេវាកម្មទេសចរណ៍សហគមន៍ ដើម្បីស្វែងយល់ពីវប្បធម៌ខ្មែរដល់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
អ្នកយកព័ត៌មានកម្ពុជាមួយរូបធ្លាប់បានទៅប្រទេសវៀតណាមម្តង និងមានឱកាសសំណេះសំណាល ជាមួយបងប្អូនជនជាតិខ្មែរ កំពុងតែរស់នៅតាមតំបន់នានា ស្ថិតនៅវាលទំនាបទន្លេគឺវឡុង បានលើកឡើងថា ជនជាតិខ្មែរនៅវៀតណាមតែងមានមោទនភាព និងមានមនសិការថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលជាអត្តសញ្ញាណរបស់ជនជាតិខ្លួន ប្រយោជន៍លើកតម្តើងបងប្អូនមាមីងខ្មែរ ដោយមិនមានការរើសអើង រវាងជនជាតិខ្មែរ និងជនជាតិគិញឡើយ។ ឆន្ទៈបង្ហាញពី បំណងប្រាថ្នារបស់ជនជាតិខ្មែរនៅទូទាំងប្រទេស លោកស្រី ត្រឹន ធីហ្វារី កើតនៅឆ្នាំ១៩៧៦ ជនជាតិខ្មែរមានស្រុកកំណើតនៅស្រុក វិញលើយ ខេត្ត បាកលៀវ បានចូលរួមជាសមាជិកតំណាងរាស្ត្រនីតិកាលទី១០ ទី១១ និង ទី១២ ហើយឆ្នាំនេះ ឈរឈ្មោះជាតំណាងរាស្ត្រនីតិកាលទី១៥បន្តទៀត។
សរុបសេចក្តីមក៖ រដ្ឋាភិបាលវៀតណាម តែងតែយកចិត្តទុកដាក់អភិរក្ស និងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ រួមចំណែកលើកកម្ពស់ជីវភាព រស់នៅទាំងខាងស្មារតី សម្ភារៈ និងកសាងវប្បធម៌ ព្រមទាំងប្រជាជនវៀតណាម ដែលរស់នៅក្នុងសហគមន៍បណ្តាជនជាតិផ្សេងៗ នឹងទទួលផលពីការអភិវឌ្ឍគ្រប់វិស័យដូចៗគ្នា ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ៖CEN