ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សារលិខិតជូនជនរួមជាតិទាក់ទងទៅនឹងការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា។
សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា “ ទឹកដីសុវណ្ណភូមិ – គឺជាទឹកដីដ៏វិសិដ្ឋ ព្រោះជាទឹកដីពោរពេញដោយកំណប់ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ សក្ខីភាពថ្មីបានលេចចេញជារូបរាងឡើង ហើយ។ ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិ នូវការប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០% (Gold Lord Burs)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ជាការពិត មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្ម បាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។
មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានឹងសក្ដានុពលនេះ ខ្ញុំក៏សូមក្រើនរំលឹកផងដែរថាអាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម ដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិ នៃការវិនិយោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការ ឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណ៏ ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈ សមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះក៏មិនអាចផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសូម យកឱកាសនេះអំពាវនាវ សូមឱ្យបងប្អូនជនរួមជាតិយើងលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។
ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មតាមស្តង់ដារអន្តរជាតិជាលើក ដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូរខ្វាវនឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការ ធ្វើអាជីវកម្មធនធានរ៉ដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។ ការចាប់ផ្ដើម នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាច ទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ បណ្តាក្រុមហ៊ុនៃរីទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់ កាលនៃប្រតិបត្តិការរបស់ខ្លួន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងទឹកចិត្តរំភើបរីករាយឥតឧបមា ខ្ញុំព្រះករុណាខ្ញុំ សូមចែក រំលែកនូវសមិទ្ធផលដ៏ធំធេងនិងមោទនភាពជាតិនៃទឹកដីសុវណ្ណភូមិជាទីស្នេហា ជាមួយនឹងព្រះតេជ គុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិកម្ពុជាគ្រប់រូប ព្រមទាំងសូមសម្ដែងនូវអំណរគុណដ៏ជ្រាល ជ្រៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបាន ផ្តល់យុត្តិធម៌និងការគាំទ្រប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់គណបក្សប្រជាជនកម្ពុជា និងដល់ខ្ញុំព្រះករុណាខ្ញុំ ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និង ការអភិវឌ្ឍដែលបាននាំមកជូនប្រជាជនកម្ពុជាទាំងមូលនូវសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបានជា ច្រើនរាប់មិនអស់ រួមទាំងការប្រកាសអំពី “ការដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក ចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



