ភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានានា ក្នុងគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុង ទំនាក់ទំនងរបស់ស្ថាប័ននីមួយៗទាំងវិស័យរដ្ឋ និងឯកជន ដោយការប្រជុំ ឬ សម្រេចកិច្ចការនានា ធ្វើឡើង តាម រយៈបច្ចេកវិទ្យា ឬអនឡាញ។

ថ្មីៗនេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមើលឃើញ ពីសារៈសំខាន់នៃបច្ចេកវិទ្យាបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រុមការងារនៃវិស័យទេសចរណ៍ ស្តីពីការជម្រុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាទេសចរណ៍ ស្របតាមផែនទីចង្អុលផ្លូវ ២០២១-២០២៥ សម្រាប់វិស័យទេសចរណ៍កម្ពុជា។
កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ Zoom បានលើកយកពីចំណុចសំខាន់ៗមួយចំនួន ដើម្បីប្រសិទ្ធភាព ធ្វើឱ្យវិស័យ ទេស ចរណ៍មានភាពប្រសើរឡើង ជាពិសេសនៅក្រោយការគ្រប់គ្រងបានទាំងស្រុងនៃការឆ្លងជំងឺកូវីដ១៩ ដោយក្នុងនោះ ឯកឧត្តម ប៉ាក់ សុខុម បានជម្រុញការបង្កើតបច្ចេកវិទ្យាឌីជីថល ក្នុងការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មទេសចរណ៍ (Digital Marketing) ។

បន្ថែមលើសពីនេះ កិច្ចពិភាក្សាក៏បានលើកឡើង ពីការជំរុញការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធ បាគង និង Alipay នៅក្នុងឧស្សាហកម្មទេសចរណ៍ ការរៀបចំប្រព័ន្ធស្នើសុំ China Ready Accreditation តាមអនឡាញ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងការបង្កើតថ្មីៗ ភាពច្នៃប្រឌិត និងនវានុវត្តន៍ភាព និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលឈានដល់ការបង្កើនផលិតភាព ក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងធ្វើការរៀបចំការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍តាមអនឡាញផងដែរ ដែលនិងធ្វើវិស័យទេសចរណ៍កាន់តែមានភាពប្រសើរឡើង៕រក្សាសិទ្ធិដោយ៖CEN



