ភ្នំពេញ ៖ បើទោះបីជាសិប្បកម្មកែច្នៃផលត្រី ទីឡាព្យាមួយកន្លែង ដែលនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូងក៏ដោយ ក៏ការកែច្នៃត្រីទីឡាព្យានេះ មានការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីប្រទេសជប៉ុន។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋាននេហ បានឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យា ផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឱ្យទីផ្សារជប៉ុនស្វាគមន៍ ផលិតផលកែច្នៃរបស់កសិដ្ឋាន ជាក់ស្តែងការបញ្ជាទិញមាន ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ ការលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។ បើទោះបីជាការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm ស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្ម នឹងពង្រីកផលិតកម្មកែច្នៃ ជាបន្តបន្ទាប់ធ្វើយ៉ាងណាឆ្លើយតបឱ្យបានតាមតម្រូវការទីផ្សារ។ ការអនុវត្តតាមបច្ចេកទេសជប៉ុន ត្រី១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។
លោកបន្តថា ដោយតម្រូវការមានការកើនឡើង ទាំងទីផ្សារក្នុងស្រុក ដូចជា ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត ជម្រុញឱ្យកសិដ្ឋាននេះ នឹងពង្រីកដើមទុនវិនិយោគបន្ថែមទៀត ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ សិប្បកម្មកែច្នៃផលត្រី ទីឡាព្យានេះ គ្រោងពង្រីកទុនបន្ថែម ១០លានដុល្លារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

គួរបញ្ជាក់ថា បើយោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ក្នុងគ្រាដែលឯកឧត្តម បានចុះពិនិត្យសិប្បកម្មនេះ បានសម្តែងនូវសុទិដ្ឋនិយមថា គម្រោងនេះនឹងអាចទទួលបានជោគជ័យ ពិសេសទីផ្សារប្រទេសជប៉ុន។ ឯកឧត្តម សង្ឃឹមថា នាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយដោយឡែកនេះ នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត និងការអនុវត្តបច្ចេកទេសចិញ្ចឹម ស្របតាមស្តង់ដារទីផ្សារតម្រូវ ព្រមទាំងការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យាផងដែរ៕ រក្សាសិទ្ធិដោយ៖CEN


