ភ្នំពេញ ៖ ការប្រមូលផលអំបិលនៅដើមឆ្នាំ២០២១នេះបានបិទបញ្ចប់ ដោយទិន្នផលអំបិលសរុបទទួលបានប្រមាណ ៧ម៉ឺនតោន ដែលមានទិន្នផលទាបជាងកាលពីឆ្នាំកន្លងទៅ។ នេះបើយោងតាមតួលេខពីសមាគមអ្នកផលិត អំបិលនៅក្នុងខេត្តកែប និងកំពត។

បើយោងតាមសមាគម ផលិតកម្មអំបិលឆ្នាំនេះ ទទួលរងផលប៉ះពាល់ដោយលក្ខខណ្ឌមិនអំណោយផល ពីអាកាសធាតុ ដែលធ្វើឲ្យចំនួនទិន្នផលនៃផលិតកម្មអំបិលបានធ្លាក់ចុះ។ យ៉ាងណាក៏ដោយ សមាគមដដែលលើកឡើងថា ទិន្នផលអំបិលនេះគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក។
គួរបញ្ជាក់ថា អំបិលដែលមាននៅក្នុងស្តុកអាចមានលទ្ធភាព គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក។ អំបិលមួយបាវ (ចំណុះ៥០គីឡូ) មានតម្លៃចន្លោះពី ១២.០០០ រៀល ទៅ ១៣.០០០រៀល។ សូមជម្រាបថា ខេត្តកំពត និងកែបមានវាលស្រែផលិតអំបិលច្រើនជាងគេ។ ក្នុងនោះសរុបមានចំនួនជាង ៤៧០០ហិកតា ដោយក្នុងមួយហិកតាអាចផលិតអំបិលបានប្រមាណ ២០តោនក្នុងមួយឆ្នាំ៕រក្សាសិទ្ធិដោយ៖CEN

