ខេត្តកែប ៖ ដោយសារកត្តាអាកាសធាតុ និងតំបន់កោះពោធិ៍ ត្រូវបានរដ្ឋបាលខេត្តកែប ប្រកាសផ្អាកការនេសាទ រយៈពេល២ខែ ដើម្បីទុកពេលឲ្យក្តាមពងកូន ហើយប្រជានេសាទមួយចំនួនធំ បានផ្អាកការចេញទៅនេសាទផងនោះ ធ្វើឱ្យទិន្នផលនេសាទសមុទ្រ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែតម្លៃក្តាមសេះ ហាក់នៅមានតម្លៃដ៏ដែល ពោលគឺ មួយគីឡូមានតម្លៃចាប់ពី៤៥.០០០ ទៅ ៥០.០០០រៀល។

បើតាមអាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាមខេត្តកែប បានឲ្យដឹងថា បើទោះជាទិន្នផលសមុទ្រ មាន ការថយចុះ ប៉ុន្តែតម្លៃមិនថយចុះទេ ដោយសព្វថ្ងៃនេះ ការលក់ក្តាមមាន ការបែងចែកទៅតាមទំហំក្តាមជា ៣ប្រភេទ ដោយតម្លៃក៏ខុសៗគ្នា ក្នុងនោះក្ដាមសេះលេខ១ តម្លៃចាប់ពី ៤៥.០០០ ទៅ ៥០.០០០រៀល លេខ ២ ចាប់ពី ៣.០០០០ ទៅ ៣៥.០០០រៀល ក្ដាមលេខ៣ ចន្លោះពី ១៨.០០០ ទៅ ២៣.០០០រៀល។
អាជីវករ ជាអ្នកប្រមូលទិញគ្រឿងសមុទ្រពីអ្នកនេសាទរូបនេះ បានឱ្យដឹងទៀតថា មួយរយៈនេះ ការទិញភោគផលនេសាទនានា ពីអ្នកនេសាទ បានក្នុងចំនួនតិចតូចបំផុតប៉ុណ្ណោះ ពោលគឺការប្រមូលទិញក្តាមម្តងៗ បានតែជាង ២គីឡូប៉ុណ្ណោះ ហើយជាប្រភេទក្តាមតូចៗទៀតផង។ ប៉ុន្តែទោះបីទិន្នផលក្តាមសេះមួយរយៈនេះ ប្រមូលទិញមិនមានចំនួនច្រើនក៏ដោយ ក៏តម្លៃក្តាមទិញចូល និងលក់ចេញ មិនមានការប្រែប្រួលណាស់ណានោះដែរ ដោយតម្លៃក្តាមសេះ ទិញពីអ្នកនេសាទ ក្នុងមួយគីឡូជាង ២ម៉ឺនរៀល រួចយកមកបែងចែកទៅតាមប្រភេទទំហំរបស់ក្តាម ដើម្បីលក់បន្ត។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកែប បានជូនដំណឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការនេសាទសមុទ្រចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅកន្លែងដែនជម្រកសុវត្ថិភាពជលផលកោះពោធិ៍ ដែលមានទីតាំងខាងកើតកោះពោធិ៍ ទំហំ ៤១៧ហិកតា៕រក្សាសិទ្ធិដោយ៖CEN


