Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប៉ុនប៉ងរំលាយសហជីព និងគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន១.៣២៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍

ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៧៣ បានសេចក្តីថ្លែងការណ៍រួមស្ដីពី ការប៉ុនប៉ងរំលាយសហជីព និងគម្រោង កាត់បន្ថយ កម្មករ និយោជិត ចំនួន១.៣២៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍។ ថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំងអស់ ត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍ ជូនដំណឹងកាត់ចេញពីក្រុមហ៊ុន ។

សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថៃ្ងព្រហស្បតិ៍ ទី ១០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា តំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលដែលធ្វើការ លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្ដាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ង រំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិក ជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផល សមស្របនិងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានប្រកាសគម្រោងកាត់បន្ថយ បុគ្គលិកចំនួន១.៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជាង៨០០០នាក់ ដោយហេតុផលវិបត្តិកូវីដ-១៩។ នៅចុងខែមេសា តំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា ចំនួនបុគ្គលិកដែលត្រូវបានកាត់នោះ ក្រុមហ៊ុននឹងធ្វើការបញ្ជូនសារទៅបុគ្គលិកម្នាក់ៗដោយផ្ទាល់ ព្រមទាំងកោះហៅឲ្យចូលរួមប្រជុំផ្ទាល់ នៅអគាររបស់ក្រុមហ៊ុន។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍បានរៀបចំ ប្រជុំអនឡាញជាទ្រង់ទ្រាយធំ ដោយមានកម្មករនិយោជិតរាប់ពាន់នាក់បានចូលរួម កម្មករនិយោជិតភាគច្រើនលើសលប់ បានធ្វើការបដិសេធមិនអាចទទួលយកគម្រោងដែលបានលើកឡើងដោយតំណាងក្រុមហ៊ុនទេ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តំណាងក្រុមហ៊ុនបានប្រជុំជាមួយក្រុមការងារសហជីព និងក្រុមប្រតិភូបុគ្គលិក។ តំណាងក្រុមហ៊ុនលើកឡើងពីចំនួនបុគ្គលិក ដែលត្រូវកាត់នៅតាមផ្នែក ក្នុងពេលជាមួយគា្នថ្នាក់ដឹកនាំសហជីពបាន ព្យាយាមលើកឡើងពីសំណូមពររបស់បុគ្គលិក និងហេតុផលផ្សេងៗទៀត តែតំណាង ក្រុមហ៊ុនមិនបានទទួលយកសំណូមពរ ទាំងនេះឡើយ។

ផែនការកោះហៅបុគ្គលិកត្រូវធ្វើឡើងនៅចុងខែមេសា តែដោយមានការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ តំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្ដើមកោះហៅបុគ្គលិកនៅថ្ងៃទី ១៧ ខែឧសភា ឲ្យទៅជួបខ្លួន នៅក្នុងបរិវេណអគាររបស់ក្រុមហ៊ុន ដើម្បីពន្យល់ណែនាំស្តីពីការបញ្ចប់កិច្ចសន្យាការងារ។ កម្មករនិយោជិត ភាគច្រើនមិនព្រមទៅតាមការកោះហៅទេ ហើយបុគ្គលិកមួយចំនួនតូច ដែលបានចូលប្រជុំជាមួយក្រុមហ៊ុន ត្រូវបង្ខំចិត្តទទួលយកការបញ្ឈប់នេះ ដោយតំណាងក្រុមហ៊ុនបានណែនាំឲ្យកម្មករនិយោជិតទាំងនោះ សរសេរលិខិតសុំលាលែងពីការងារដោយខ្លួនឯង មុននឹងទទួលបានប្រាក់សំណងពីក្រុមហ៊ុន។

តាមរយៈការជូនដំណឹងស្តីពីគម្រោងបញ្ចប់ការងារជាមួយក្រុមហ៊ុននេះ យើងឃើញថាបុគ្គលិក ដែលកំពុងសម្រាកលំហែមាតុភាព បុគ្គលិកកំពុងស្នើសុំសម្រាកលំហែមាតុភាព និងបុគ្គលិកកំពុងមានផ្ទៃពោះ ក៏ត្រូវក្រុមហ៊ុនជូនដំណឹងបញ្ចប់កិច្ច សន្យាការងារផងដែរ។ លើសពីនេះទៀត អ្នកតំណាងក្បាលម៉ាស៊ីនសហជីពទាំងអស់ មានប្រធាន អនុប្រធាន និង លេខាធិការ របស់សហជីព ព្រមទាំងសកម្មជនសហជីពភាគច្រើនបំផុត នៅគ្រប់ផ្នែកនៃក្រុមហ៊ុន ក៏ត្រូវបានជូនដំណឹង បញ្ឈប់ពីការងារដូចគ្នាដែរ។

ទាំងនេះបញ្ជាក់ឲ្យឃើញថា នៅពីក្រោយហេតុផលគម្រោងកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាគាស់រំលើងសហជីពមិនឲ្យមានវត្តមាននៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុននេះធ្លាប់បានធ្វើលើក្រុមអតីតថ្នាក់ដឹកនាំសហជីពកាលពីឆ្នាំ២០០៩។ ទង្វើទាំងនេះបង្ហាញពីចេតនានៃការរើសអើងសហជីព និងរំលោភបំពានទៅលើការអនុវត្តសិទ្ធិ ជាមូលដ្ឋានផ្នែកសមាគម ដែលធានាដោយរដ្ឋធម្មនុញ អនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ (អាយឡូ) និងច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិកូវីដ-១៩ នោះទេ ហើយក៏អាចនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរក្សាទុកកម្មករនិយោជិតទាំងអស់ឱ្យនៅបន្តការងារដដែល។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានទទួលប្រាក់ចំណេញសុទ្ធជាង០១ពាន់លានដុល្លារ ដោយក្នុងឆ្នាំ ២០១៩ ប្រាក់ចំណេញសុទ្ធក្នុង ១ឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងជាង ៥២១ លានដុល្លារ។ បើទោះបីជាមានការប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបានទទួលប្រាក់ចំណេញសុទ្ធជាង ១០២ លានដុល្លារក្នុងឆ្នាំ២០២០។ លើសពីនេះទៀត គម្រោងអភិវឌ្ឍន៍អគារថ្មី នៃណាហ្គា៣ កំពុងមានដំណើរការជាធម្មតារៀងរាល់ថ្ងៃ​ ដែលអគារថ្មីនេះ នឹងត្រូវការកម្លាំងការងារបន្ថែមយ៉ាងតិច ៤០០០នាក់។

កាលពីខែមករា ឆ្នាំ២០២០ កម្មករនិយោជិតនៃសហជីព រាប់ពាន់នាក់បានធ្វើកូដកម្មទាមទារឱ្យកញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកការងារ។ ក្រោយមក កញ្ញា ត្រូវបានអនុញ្ញាតឱ្យចូលធ្វើការ វិញដោយជោគជ័យ។ ប៉ុន្មានខែក្រោយមក កម្មករនិយោជិតនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ រាប់រយនាក់បានធ្វើការតវ៉ា បន្ទាប់ពីក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិម៉ាឡេស៊ីនេះ បានបញ្ឈប់ការផ្ដល់ ប្រាក់ឈ្នួលក្នុងពេលព្យួរការងារ អំឡុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទកាស៊ីណូជាបណ្តោះអាសន្ន។ ដូច្នេះ គម្រោងបញ្ឈប់កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតសរុបចំនួន១,៣២៩លើកនេះ គឺជាការដាក់គោលដៅវាយប្រហារមកលើសហជីព ដែលគ្រាន់តែតស៊ូមតិដោយសន្តិវិធី ដើម្បីសិទ្ធិការងារនៃសមាជិករបស់ខ្លួន។

ហេតុផលដូចបានរៀបរាប់ខាងលើ បញ្ជាក់ឲ្យឃើញថា គម្រោងកាត់បន្ថយចំនួន បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបញ្ហាវិបត្តិកូវីដ១៩ មិនមែនជាមូលហេតុពិតប្រាកដរបស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុនទេ។ ក្រុមហ៊ុននេះមានចេតនាមិនចង់ ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីជាឱកាសរបស់ខ្លួនបន្តកេងប្រវ័ញ្ចអត្ថប្រយោជន៍របស់បុគ្គលិក ហើយនិង បង្កើតលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងារដែលផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

តំណាងសហភាពសហជីព សហព័ន្ធសហជីពសមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់ សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានលើករណីនេះដោយយកចិត្តទុកដាក់។ យើង ស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានករណីនេះដោយយកចិត្តទុកដាក់។ យើងក៏ស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ធ្វើការចរចាជាមួយតំណាងសហជី ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ដែលអាចទទួលយកបានដោយភាគី ទាំងសងខាងប្រកបដោយសេចក្តីស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×