កំពង់ធំ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជា មួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួង ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណអភិបាលខេត្តកំពង់ធំ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ធំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ផលិតកម្មគ្រាប់ស្វាយចន្ទី និងផលិតកម្មបន្លែ។

ឯកឧត្តម វេង សាខុន បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល ដែលមានទីតាំង នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
លោក ខឹម សុវណ្ណារិទ្ធ ហៅ ខឹម ណុល បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមជ្រូកសាច់នេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៨ លើផ្ទៃដីចំនួន ៤ហិកតា ដោយសហការជាមួយក្រុមហ៊ុន ស៊ីភីកម្ពុជា ដែលជាអ្នកផ្តល់ពូជ ចំណី ថ្នាំ និងបច្ចេកទេស និងចុះកិច្ចសន្យាប្រមូលទិញជ្រូករស់វិញ។ បច្ចុប្បន្នកសិដ្ឋានមានជ្រូកសាច់ចំនួន ៣៧៥០ក្បាល ចិញ្ចឹមក្នុងរោងចំនួន ៥រោង (រោងអ៊ីវេប) ដោយរោងនីមួយៗចិញ្ចឹមជ្រូកសាច់បាន ៧៥០ក្បាល។
អនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវ ទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាព ដែលតម្រូវដោយក្រុមហ៊ុនសហការ ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើន ជាបន្តបន្ទាប់ ដោយក្នុង ១ឆ្នាំ កសិដ្ឋានចិញ្ចឹមបាន ២វគ្គ ដល់អាយុត្រូវចាប់ ក្នុង១ថ្ងៃ លក់ជ្រូកចេញ ៣០០ក្បាល រយៈ១១ថ្ងៃជាប់គ្នា រហូតអស់សត្វពីរោង បន្ទាប់ធ្វើអនាម័យទ្រុង ទុកឲ្យរោងទំនេរមួយខែ ទើបដាក់កូនជ្រូកចូលចិញ្ចឹមវគ្គបន្ត។

ភរិយាលោក ខឹម ណុល បានឲ្យដឹងថា រោងចិញ្ចឹមមួយក្នុងមួយវគ្គអាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ (រួមទាំងថ្លៃពលកម្ម ទឹក និងភ្លើង) ហើយអ្វីដែលម្ចាស់កសិដ្ឋានរូបនេះ ស្នើសុំទៅរាជរដ្ឋាភិបាល ឲ្យជួយតាមរយៈ ឯកឧត្តមរដ្ឋមន្ត្រី គឺបញ្ចុះថ្លៃភ្លើង។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែង ក្នុងកសិដ្ឋាន និងផលដែលទទួលបាន នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោក ខឹម ណុល បន្តខិតខំសហការ ជាមួយក្រុមហ៊ុន លើការងារបច្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ ដែលកំពុងមានសក្តានុពល នៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក បានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល។

នាយកប្រតិបត្តិផលិតកម្មជ្រូកសាច់ ប្រចាំខេត្តកំពង់ធំ តំណាងឲ្យក្រុមហ៊ុន ស៊ីភីកម្ពុជា បានឲ្យដឹងថា នៅខេត្តកំពង់ធំមាន ១៧កសិដ្ឋាន ស្នើនឹង ៥៥រោងចិញ្ចឹម ដែលបានចុះកិច្ចសន្យា សហការជាមួយក្រុមហ៊ុន ហើយចំនួននេះ នឹងមានការកើនឡើង ឆ្លើយតបតាមតម្រូវការជ្រូកសាច់ក្នុងស្រុក និងសក្តានុពលអំណោយផលរបស់ខេត្ត។

ចេញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក គឹម ណុល , ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់ របស់លោក ហេង យ័ន ។ តាមម្ចាស់កសិដ្ឋាន បានឲ្យដឹងថា ដោយមានចិត្តស្រឡាញ់ វិស័យចិញ្ចឹមសត្វ គាត់បានសម្រេចចិត្ត សហការជាមួយក្រុមហ៊ុន CP ដាក់ទុនវិនិយោគចិញ្ចឹមមាន់សាច់ លើផ្ទៃដីជាង ៤ហិកតា និងមានផែនការ សាងសងចំនួន ៦រោង។ បច្ចុប្បន្ននេះ គាត់បានចំណាយអស់ទុនជាង ៦០ម៉ឺនដុល្លារ សម្រាប់សាងសង់រួចរាល់ចំនួន ៣រោង ដោយក្នុង ១រោង ចិញ្ចឹមមាន់បានចំនួន ១៨ ៥០០ក្បាល។

មិនខុសពីកសិដ្ឋានចិញ្ចឹមជ្រូក , ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ឲ្យបន្តធ្វើការសហការ ជាមួយក្រុមហ៊ុន ដើម្បីរក្សាភាពឈ្នះ ឈ្នះ ក្នុងដំណើរលើផ្លូវតែមួយ គឺការពង្រីក និងពង្រឹងផលិតកម្មមាន់សាច់ ឲ្យកាន់តែរីកចម្រើនទ្វេដង។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរ ត្រូវចូលរួមសហការ និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស និងច្បាប់បន្ថែមជូនដល់ម្ចាស់កសិដ្ឋាន ឲ្យបានទូលំទូលាយ ប្រយោជន៍រក្សា បាននូវនិរន្តរភាពផលិតកម្ម ដោយអនុវត្តតាមអភិក្រម “រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











