Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក ជម្រុញឲ្យមានអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវ ឲ្យមានការចូលរួម ពីសហគមន៍ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ បើតាមសេចក្តីជូនព័ត៌មានដែលបានចេញផ្សាយនៅ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សកម្មភាពរួមរបស់យើង និងការចូលរួមរបស់សហគមន៍ទាំងមូលនៅថ្ងៃនេះ កំណត់នូវអ្វីដែលនឹង កើតឡើងនៅថ្ងៃស្អែក ដែលនឹងអាចជា “ការកើនឡើងនូវចំនួនករណីឆ្លង និងចំនួនករណីស្លាប់” ឬក៏ ជា “ការធ្លាក់ចុះនៃចំនួនករណីឆ្លង ការសង្គ្រោះជីវិត និងការវិលត្រឡប់ទៅរកជីវភាពធម្មតាតាមបែប គន្លងថ្មីមួយ”។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មាន ប្រសាសន៍ថា “យើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលន មេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ច។ វាចាំបាច់ណាស់ក្នុងការ ស្វែងរកមធ្យោបាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាមវិធានការ សុខភាពសាធារណៈ និងសង្គម ជាពិសេសតាមរយៈការចូលរួមឲ្យបានច្រើនជាងមុនរបស់ សហគមន៍គ្រប់គ្នាៗ”។

អង្គការសុខភាពពិភពលោកបានផ្តល់យោបល់ និងអនុសាសន៍អំពីអភិក្រមសម្រាប់ការ ត្រៀមរៀបចំទុកជាមុន និងការឆ្លើយតបចំពោះជំងឺរាតត្បាត ដែលមានការចូលរួមពីស្ថាប័ន រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ ជាមួយនឹងវិធីសាស្ត្រត្រៀមរៀបចំទុកជាមុន និងឆ្លើយតបបែបនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅ ក្នុងឆ្នាំ២០២០ ដោយពេលនោះមានចំនួនករណីឆ្លងតិច និងមិនមានករណីស្លាប់នោះទេ។

ជំងឺរាតត្បាតជាសាកលនេះមិនទាន់ចប់ទេ។ ជាអកុសល បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ កំពុង តែសាយភាយទៅកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងសរុបចំនួន ៣៨.៤២៧ រួមទាំងករណីស្លាប់ចំនួន ៣៣៥ករណី ត្រូវបានរាយការណ៍មក អង្គការសុខភាពពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា “ខណៈពេលដែលរដ្ឋាភិបាលបានធ្វើការ មិនខ្លាចនឿយហត់ និងទាំងយប់ទាំងថ្ងៃដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោះ ជីវិត និងការពារសុខភាព លទ្ធផលនៃការស្ទង់មតិរៀបចំដោយអង្គការសុខភាពពិភពលោកកាលពី ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺ កូវីដ-១៩ បានរកឃើញថាសហគមន៍នៅកម្ពុជាយើង មានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យកម្រិតទាប។ លទ្ធផលរកឃើញទាំងនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំយល់ ច្បាស់ថាប្រជាពលរដ្ឋយើងមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់”។

គោលដៅរួមរបស់យើង គឺដើម្បីបញ្ឈប់ការរាលដាលនៃវីរុសកូវីដ-១៩ និងការពារកុំឲ្យជំងឺកូវីដ-១៩ បន្តរីករាលដាលនៅក្នុងសហគមន៍ទ្រង់ទ្រាយធំដែលមានផលប៉ះពាល់ធំធេង និងធ្ងន់ធ្ងរដល់ផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម។ ដើម្បីអាចជៀសវាងបាន យើងត្រូវតែផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាព នៃអន្តរាគមន៍នានាតាមរយៈការអនុវត្ត និងគោរពតាមវិធានការ សុខភាពសាធារណៈ និងវិធានការសង្គមដែលបានដាក់ចេញ។

ប្រសិនបើវីរុសរាលដាលពាសពេញសហគមន៍របស់យើងនោះ វិធានការបិទខ្ទប់ និងការរឹត បន្ដឹងទ្រង់ទ្រាយធំ អាចនឹងត្រូវដាក់ចេញ ហើយនឹងប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងផ្នែកអាជីវកម្ម សកម្មភាពសាសនា និងការងារផងដែរ។ ការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ នឹងធ្វើឲ្យមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល ទ្រទ្រង់លែងបាន ដែលប្រការនេះ នឹងមានន័យថាពលរដ្ឋយើងដែលមាន ជំងឺកូវីដ-១៩ និងពលរដ្ឋដែលមានជំងឺផ្សេងៗទៀត មិនអាចទទួលបានការថែទាំដែលពួគគាត់ ត្រូវការនោះទេ។

មានវិធីងាយៗជាច្រើនដើម្បីកាត់បន្ថយហានិភ័យរបស់ប្រជាពលរដ្ឋគ្រប់រូប។ ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មជាពិសេស មានតួនាទី និងការទទួលខុសត្រូវក្នុងការការពារពលដ្ឋកម្ពុជា។ តម្រូវការបើកគ្រឹះស្ថានអាជីកម្មនានាឡើងវិញ និងផ្ដល់ការងារក៏ដូចជាសេវាកម្មទៅដល់សហគមន៍ គឺពិតជាចាំបាច់ ប៉ុន្តែត្រូវបើកដំណើរការឡើងវិញតាមរបៀបដែលកាត់បន្ថយហានិភ័យ។ ដូច្នេះ ត្រូវ បង្កើនការប្រើប្រាស់កន្លែងនៅខាងក្រៅ កន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ ត្រូវកាត់បន្ថយ ចំនួនមនុស្សនៅក្នុងកន្លែងបិទជិតគ្រប់ពេលវេលា។ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់។ ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាគ្រប់ពេលបើអាចធ្វើបាន។ ត្រូវប្រជុំតាមអនឡាញមិនមែនជួបផ្ទាល់នោះទេ។

ពលរដ្ឋ និងអ្នកស្នាក់នៅកម្ពុជាគ្រប់រូប មានតួនាទីត្រូវការពារសហគមន៍របស់យើង។ សូមទៅផ្សារតែនៅពេលដែលចាំបាច់។ ត្រូវព្យាយាមទៅទីនោះក្រៅម៉ោងមមារញឹក។ ធ្វើកិច្ចការផ្សេងៗ ក្រៅម៉ោងមមារញឹកដែលមានមនុស្សច្រើន។ ប្រសិនបើត្រូវបរិភោគអាហារនៅភោជនីយដ្ឋាន ឬជួបមនុស្ស ត្រូវអង្គុយនៅខាងក្រៅ មិនត្រូវអង្គុយនៅកន្លែងបិទជិត ប្រើម៉ាស៊ីនត្រជាក់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព។

ត្រូវបរិភោគរួមតុជាមួយមនុស្សពីរបីនាក់ដែលលោកអ្នកតែងតែបានជួបជាប្រចាំបានហើយ ដោយជៀសវាងបរិភោគនៅក្នុងការជួបជុំមនុស្សច្រើន។ គ្រប់ពេលបើអាចធ្វើទៅបាន ត្រូវរក្សាគម្លាតឲ្យបានយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នាទាំងនៅកន្លែងធ្វើការ នៅវត្តអារាម នៅការិយាល័យ និងកន្លែងដទៃទៀត។ យើងត្រូវជៀសវាងកុំទៅកន្លែងមានមនុស្សនៅជិតៗគ្នាជា កន្លែងដែលគេដឹងថាវីរុសឆ្លងងាយស្រួល ដូចជានៅតាមក្លឹបរាត្រី កាស៊ីណូ និងកន្លែងកម្សាន្តផ្សេងៗទៀត។
គេក៏សង្កេតឃើញផងដែរថា មនុស្សភាគច្រើនដឹងពីអ្វីដែលត្រូវធ្វើ និងកន្លែងដែលត្រូវស្វែងរកព័ត៌មានដែលអាចទុកចិត្តបានក្នុងករណីមានជំងឺ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមនៅផ្ទះ ហើយមិនត្រូវធ្វើដំណើរទេ។ ប្រសិនបើអ្នកឈឺ ហើយជាពិសេសបើអ្នកមាន គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម អ្នកត្រូវស្វែងរកជំនួយពីគ្រូពេទ្យមុនពេលស្ថានភាពជំងឺទៅជាធ្ងន់ធ្ងរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានឆាប់ អាចជួយសង្គ្រោះជីវិត និងការពារមិនឲ្យវីរុសឆ្លង វាលដាលបន្ត។

ពេលខ្លះយើងមានអារម្មណ៍ថាគេហាក់ដូចជាទាមទារពីយើងច្រើនពេក។ លោកស្រី វេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា “ខ្ញុំយល់ពីមូលហេតុដែលបងប្អូនយើងជាច្រើនចង់ចេញទៅក្រៅ។ មនុស្សត្រូវការចំណូល។ យើងទាំងអស់គ្នាចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ដើរជុំវិញ បរិភោគ អាហារ និងទទួលទានភេសជ្ជៈនៅខាងក្រៅ និងទៅជួបមិត្តភក្តិ។ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ដែលករណីឆ្លងថ្មីនៅតែបន្តកើតឡើងរាល់ថ្ងៃ។”

អង្គារសុខភាពពិភពលោក លើកទឹកចិត្តរាជរដ្ឋាភិបាល និងដៃគូ ឲ្យពង្រឹងការប្រាស្រ័យ ទាក់ទងអំពីហានិភ័យជាយុទ្ធសាស្ត្រដោយផ្អែកលើភស្តុតាង និងពង្រឹងអន្តរាគមន៍ដែលជម្រុញ ការចូលរួមរបស់សហគមន៍ ដោយប្រើវេទិកានិងវិធីចម្រុះ ដើម្បីចូលទៅដល់ និងជំរុញការចូលរួម ពីសហគមន៍ជាពិសេសពីស្ត្រី យុវជន និងអ្នកដឹកនាំសហគមន៍ ក៏ដូចជាបុគ្គលិកសុខាភិបាល។

មានតែតាមរយៈការធ្វើការរួមគ្នា និងដោយការទទួលស្គាល់ និងទទួលយកនូវភាពស្មុគស្មាញនៃបទពិសោធន៍ និងសម្ថភាពរួមរបស់យើងប៉ុណ្ណោះទេ ទើបយើងអាចធានាឲ្យមានពិភពលោកមួយវិលមក រកភាពធម្មតាតាមបែបគន្លងថ្មីមួយដែលក្នុងនោះមិនមានបុគ្គលណាម្នាក់ត្រូវបាន គេទុកចោលនោះទេ។

ឥឡូវនេះ វាមានសារៈសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវផ្ដោត និងចូលរួមធ្វើឲ្យ អន្តរាគមន៍នានាមានប្រសិទ្ធភាពជាងមុន តាមរយៈការជម្រុញឲ្យមានការចូលរួមរបស់សហគមន៍ និងសង្គមទាំងមូលកាន់តែច្រើនជាងមុន៖

កាត់បន្ថយទៅកន្លែងមានមនុស្សច្រើនអ៊ូអរ កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល ហើយនិងជៀសវាងការជួបជុំ និងការធ្វើដំណើរដែលមិនចាំបាច់។ ករណីឆ្លងនៃជំងឺកូវីដ-១៩ភាគច្រើន កើតឡើងនៅតាមកន្លែងទាំងបីប្រភេទនេះដូចជាកន្លែងរោងចក្រ ទីកន្លែងដែលមានមនុស្សរស់នៅច្រើន ផ្សារ ពន្ធនាគារ និងកន្លែងសេវាកម្សាន្តនានា។
វីរុស រាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត តាមរយៈការបម្លាស់ទី និងការធ្វើដំណើរ របស់មនុស្ស។

ផ្សព្វផ្សាយពីស្ថានភាពធម្មតាតាមបែបគន្លងថ្មីមួយ។ ការបញ្ចប់ការរឹតត្បិតចំពោះការធ្វើដំណើរ ការបន្ធូរបន្ថយនូវអន្តរាគមន៍ណាមួយ ការបើកឲ្យដំណើរការអាជីវកម្មនានាឡើងវិញ មិនមានន័យថាជាការត្រឡប់មករកស្ថានភាពប្រក្រតីដូចដើមវិញនោះទេ។ យើងគួរតែធ្វើសេចក្តីសម្រេចចិត្តដោយឆ្លាតវៃក្នុងការជ្រើសរើស “ជីវភាពធម្មតាតាមបែបគន្លងថ្មីមួយ” ជាពិសេសរក្សាបាននូវតុល្យភាពរវាងសុខភាព និងសេដ្ឋកិច្ច។ ការដាក់ចេញនូវវិធានការ កាត់បន្ថយហានិភ័យនៅតាមអាជីវកម្ម និងនៅកន្លែងធ្វើការ គឺជាវិធីសាស្ត្រ “សហផលប្រយោជន៍” នឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ទ្រទ្រង់ជីវិត និងជីវភាព។

បង្ហាញពីភាពជាគំរូនៃបុគ្គលដែលបានជ្រើសជម្រើសរបស់ខ្លួន និងជាពលរដ្ឋល្អដែលបាន គោរពតាមវិធានការដែលបានដាក់ចេញ។ វិធានការ ៣ការពារ និង៣កុំ ដែលរាជរដ្ឋាភិបាល បានណែនាំ ជាវិធានការមានប្រសិទ្ធភាពសម្រាប់បញ្ឈប់ការរាតត្បាតនៃជំងឺ ប្រសិនបើ អនុវត្តប្រកបដោយប្រសិទ្ធភាព។ បើអនុវត្តដោយប្រសិទ្ធភាព អ្នកអាចការពារខ្លួនអ្នកផ្ទាល់ គ្រួសារអ្នក និងសហគមន៍យើងទាំងអស់គ្នា។

ទៅទទួលវ៉ាក់សាំង នៅពេលដល់វេនអ្នក។ មិនត្រូវខកខានឱកាសដែលជួយជីវិតលោកអ្នកនោះទេ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមធ្យោបាយដ៏មានអានុភាពមួយក្នុងការការពារ មិនឲ្យឈឺធ្ងន់ធ្ងរ កាត់បន្ថយការសម្រាកពេទ្យ និងជួយសង្គ្រោះជីវិត។ អង្គការសុខភាពពិភពលោក សូមផ្តល់អនុសាសន៍យ៉ាងមុតមាំដល់ការផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់ បុគ្គលិកសុខាភិបាល មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដទៃទៀតមុនគេ នៅដំណាក់កាលដំបូងនៅពេលដែលចំនួនវ៉ាក់សាំងមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងតែមួយមុខ មិនអាចបញ្ចប់ការរាតត្បាតបានទេ ហើយយើងត្រូវតែបន្តអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមដ៏ទៃទៀតប្រកបដោយ ប្រសិទ្ធភាព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×