ភ្នំពេញ ៖ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារជប៉ុន ដែលមានរស់ជាតិឆ្ងាញ់ និងល្បីល្បាញ ដោយមានការទទួលស្គាល់គុណភាពពីទីផ្សារក្រៅប្រទេស។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងអារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារនៃប្រទេសជ ប៉ុន ប្រកបដោយគុណភាព។ ការកែច្នៃគ្រាប់ស្វាយចន្ទី ដោយដៃស្នាដៃកូនខ្មែរ គឺមានរសជាតិឆ្ងាញ់ និងបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយនិងការទទួលបានការបញ្ជាទិញជាបន្តបន្ទាប់ពីទីផ្សារជប៉ុន។

អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរនៅខេត្តកំពង់ធំ លោកស្រី អ៊ិន ឡៃហួត បានលើកឡើងថា ក្រុមហ៊ុនថបផ្លេននីន ជប៉ុន (TPJ) បានកំពុងសិក្សាពីស្វាយចន្ទីកម្ពុជា ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចរួមគ្នាបង្តើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសាកល្បងដែលអនុលោមតាមស្តង់ដារអន្តរជាតិ និងសហការគ្នាជាដៃគូពាណិជ្ជកម្ម ក្រោមឈ្មោះរបស់ម្ចាស់សិប្បកម្មគឺ «គ្រាប់ស្វាយចន្ទីឡៃហួត» ដោយមានការសម្របសម្រួល និងគាំទ្រដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដោយបានកំណត់ចក្ខុវិស័យ និងកំណត់ទិសដៅច្បាស់លាស់ ដើម្បីធ្វើឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់ត្រូវបានទទួលស្គាល់ទាំងគុណភាព និងរសជាតិពីទីផ្សាជប៉ុន និងទីផ្សាក្រៅប្រទេសផ្សេងទៀត។
លោកស្រី បានបន្តថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច បានបង្កើតឡើង និងចាប់ផ្តើមដំណើរការចាប់តាំងពីចុងឆ្នាំ២០២០ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ និងក្រុមហ៊ុន ថបផ្លេននីនជប៉ុន ដោយទទួលបាននូវការគាំទ្របច្ចេកទេស និងកិច្ចសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាព។

លោកស្រី អ៊ិន ឡៃហួត បានលើកឡើងទៀតថា ដោយមានកិច្ចសហការ លើការបង្កើតរោងចក្រកែច្នៃសាកល្បងនេះ និងការផ្សារភ្ជាប់ភាពជាដៃគូរវាងផលិតករ វិស័យសាធារណៈ និងវិស័យឯកជន គ្រាប់ស្វាយចន្ទីរកែច្នៃដំបូងបង្អស់របស់លោកស្រី ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ក្នុងបរិមាណចំនួន១០តោន ការនាំចេញលើកទី២ ហើយការនាំចេញបន្តបន្តាប់ នឹងមានជារៀងរាល់ខែ។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានសមាជិកសហគមន៍ចំនួន ៣៣គ្រួសារ ដែលកំពុងដាំដុះលើផ្ទៃដី ៣៤៤ ហិចតា និងមានបុគ្គលិកបម្រើការ ១១៥ នាក់ ជាស្ត្រីមេផ្ទះ។

គួរបញ្ជាក់ថា បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយដល់ប្រជាកសិករ លើវិស័យកសិកម្ម ដើម្បីជួយលើកស្ទួយ សេដ្ឋកិច្ច ក្រុមគ្រួសារប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕រក្សាសិទ្ធិដោយ៖CEN

