Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចោទថា មេបញ្ជាការរង​ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ ជា​ឈ្មួញ​ឈើ​មួយ​រូប​ប្រចាំ​ស្រុក​

​ខេត្ត​កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ថា លោក ហម កុម្ភៈ ហៅ ម៉ៅ មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ាល់ គឺ​ជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​មួយរូប​ប្រចាំ​ស្រុក​ឱ​រ៉ាល់ ព្រោះ​រាល់​ថ្ងៃនេះ កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណិតៗ​យ៉ាង​រលូន​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់ ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ បានអោយដឹងថា លោក​ម៉ៅ​នេះ តែង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ឆាយ​រាប តំបន់​រមាំង​សរ ទៅកាន់​ផ្ទះ​របស់​ខ្លួន ស្ថិតនៅក្នុង​ភូមិ​ក្រៀល​ពង ឃុំ​តា​សាល ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ​។​

​ប្រជា​ពល​ពលរដ្ឋ អះអាងថា ជាក់ស្តែង​កន្លង​ទៅ​ថ្មីៗ​នេះ ឈ្មួញ​ឈើ​ឈ្មោះ ម៉ៅ បាន​ដឹក​ឈើ​ចំនួន ៥​រថយន្ត ដឹក​ចេញពី​ចំណុច​ផ្ទះ របស់ខ្លួន កាត់មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ ហើយ​បត់​តាម​ផ្លូវជាតិ​លេខ​៤៤ ឆ្លង​ចូល​ខេត្ត​កណ្តាល មុន​នឹង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។​

​ប្រជាពលរដ្ឋ​ចោទ​ថា ក្រៅតែពី​រកស៊ី​ឈើ​ខ្លួនឯង ឈ្មោះ​ម៉ៅ នេះ នា​ពេលកន្លងមក ក៏​បាន​ចុះ​ចាប់​ឈើ របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត និង​មាន​ពេលខ្លះ បាន​ដុត​ឈើ​ពលរដ្ឋ​ចោល​ទៀត​ផង នាំ​ឲ្យ​ពលរដ្ឋ​ខ្សឹប​ខ្សៀវ​ថា លោក ហម កុម្ភៈ ហៅ ម៉ៅ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​តែ​ប្រើប្រាស់​តួនាទី និង​អំណាច របស់​ខ្លួន​រកស៊ី​ឈើ​ផង និង​ជា​អ្នក​បង្ក្រាប​បទល្មើស​ឈើ​ផង ។​

​ទាក់ទង​បញ្ហា​នេះ អ្នកយក​ព័ត៌មាន CEN.COM.KH មិនទាន់​អាច​ទាក់ទង លោក ខន សុខុន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​តំបន់​កំពង់ស្ពឺ ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន និង​កំពុង​ឆ្លងកាត់​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​នៅឡើយ​ទេ​។​
​ចំណែក លោក ហម កុម្ភៈ ហៅ ម៉ៅ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ ក៏​មិន​ទាន់​អាចទាក់ទង ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​ការ​ចោទ របស់​ប្រជាពលរដ្ឋ ដែលថា នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ​កំពុង​កើតមាន នៅ​ខេត្ត​កំពង់ស្ពឺ បានទេ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×