ស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សប្បុរសជនប៉ាយសួយឡាវយិនតៃវ៉ាន់ ដែលពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ មានរយៈពេល៥ថ្ងៃស្មើនឹង៥ក្រុង-ស្រុកនៃខេត្តស្វាយរៀង ដែលពិធីនេះបានរៀបចំនៅសាលាបឋមសិក្សា ម៉ឹង សំផន ឃុំកកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។
លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសប្បុរសជនប៉ាយសួយឡាវយិនតៃវ៉ាន់ ដែលបានសហការជាមួយអង្គការពន្លឺអភិវឌ្ឍន៍ ដើម្បីជនក្រីក្រ ដែលជាអ្នកផ្តួចផ្តើមដែលបានធ្វើសកម្មភាពមនុស្សធម៌ ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង ក្នុងការចុះមកពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនាពេលនេះ។
លោកស្រីបានបន្តទៀតថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមាន សុខុដុមនីយកម្មគ្រប់បែបយ៉ាង មានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋគ្រប់ៗរូបអាចប្រកបរបរទទួលទានរៀងៗខ្លួនតាមត្រូវការ។ សកម្មភាពមនុស្សធម៌នាថ្ងៃនេះពិតជាបានចូលរួមសម្រាលនូវបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយចំនួនផងដែរ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ វ៉ៃកូ