បន្ទាប់ពីរកមូលហេតុឃើញផ្នែកខ្លះនៃការឆ្លងជំងឺកូវីដ-១៩ក្នុងភូមិសសស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់ចេញផែនការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ និងសហគ្រាស។

ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រសហគ្រាសមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលកំពុងឆ្លងបន្តរាយប៉ាយនេះ បណ្ដាលមកពីមូលហេតុចម្បងៗមួយចំនួន រួមមាន ÷ ១- ការស្នាក់នៅរបស់បុគ្គលិក កម្មករ-និយោជិត ច្រើនរោងចក្រ សហគ្រាស ប្រមូលផ្ដុំក្នុងផ្ទះជួល ឬអគារជួលរួមគ្នា , ២-ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក កម្មករ-និយោជិត ដែលមិនមែនបម្រើការងារក្នុងរោងចក្រ សហគ្រាសតែមួយ , ៣-ការទិញម្ហូបអាហារពីកន្លែងលក់ដូរមិនរៀបរយ , ៤-ការមិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល , និង ៥-នៅមានកត្តារួមផ្សំមួយចំនួនទៀត ដូចជា ការធ្វេសប្រហែស , ការមើលស្រាលភាពឆ្លងនៃជំងឺកូវីដ-១៩ ជាដើម។
ជាការអនុវត្តជាក់ស្ដែង ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញ តម្រូវឲ្យរៀបចំវិធានការរយៈពេលមធ្យម មិនលើសពីមួយឆ្នាំ ដូចជា ÷
- រៀបចំច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះបន្ទាន់ និងគ្រប់គ្រងស្ថានភាពអាសន្ន និងកំណត់ច្រកចេញ-ចូល ឲ្យសមស្រប សមាមាត្រនឹងទំហំទីតាំងរោងចក្រ សហគ្រាស។
- រៀបចំបញ្ជរព័ត៌មាន និងប្រព័ន្ធបញ្ជូនសំឡេងងទៅគ្រប់អគារក្នុងរោងចក្រសហគ្រាស ដើម្បីផ្សព្វផ្សាយ និងអប់រំណែនាំបន្ថែមពីវិធានកាលសុខាភិបាល និងវិធានការចាំបាច់មួយចំនួនទៀតក្នុងការទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។
- រៀបចំបន្ទប់សម្រាក និងកន្លែងទទួលទានអាហារដោយមានឃាំងរនាំងខណ្ឌ និងដាច់ដោយឡែកពីអគារបំពេញការងារ។
- សម្អាតអនាម័យ-បរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ នៅក្នុង និងក្រៅបរិវេណអគារ ជាពិសេស អគារបំពេញការងារប្រចាំថ្ងៃ បន្ទប់ទឹក និងកន្លែងទទួលទានអាហារ។
- ត្រៀមទីតាំងសមស្របសម្រាប់ធ្វើតេស្តយកសំណាក អនុវត្តវិធានការចត្តាឡីស័ក ឬព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។
- ត្រៀមឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ ដែលបានចុះបញ្ជីកាពីក្រសួងសុខាភិបាល និងឱ្យមានគ្រូពេទ្យរបស់រោងចក្រស ហគ្រាសប្រចាំការ នៅគិលានដ្ឋានរោងចក្រ សហគ្រាស ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ដើម្បីផ្ដល់សេវាសុខាភិបាលបឋមព្រមទាំងសហការជាមួយមន្ត្រីសុខាភិបាល ពេទ្យការងារ និងអាជ្ញាធរមូលដ្ឋានក្នុងការពិនិត្យវិភាគរកវីរុសកូវីដ-១៩
- ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីឈ្មោះ និងព័ត៌មានចាំបាច់របស់បុគ្គលិក កម្មករ-និយោជិត ទាំងអស់ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងការងារ និងវិជ្ជាជីវៈ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន៕ ពិសិដ្ឋ CEN









