ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានពិភាក្សាការងារ និងជម្រាបលា ខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា។ ជំនួបពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនឯកឧត្តមឯកអគ្គរាជទូត ចំពោះបេសកកម្មដ៏មានសារៈសំខាន់នៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។
លោក ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។ លោកទូត ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕រក្សាសិទ្ធិដោយ៖CEN