ខេត្តស្វាយរៀង ៖ ផ្លូវលំមួយខ្សែកំពុងប្រឈមនឹងការខូចខាតធ្ងន់ធ្ងរពីសំណាក់ក្រុមរថយន្តកុងតឺន័រដឹកដែកអេតចាយឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមចក្ររបៀងព្រំដែនសំយ៉ោង ស្ថិតក្នុងភូមិសាស្ត្រទឹកដីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយការដឹកជញ្ជួនដែកអេតចាយពីសំណាក់រថយន្តកុងតឺន័រដឹកអេតចាយនេះ ដោយសារការបើកបារ៉ាស់កំណត់កម្ពស់រថយន្ត ពោលគឺដឹកតាមចិត្ត បើទោះជាសមត្ថកិច្ចឈរជើងនៅទីនោះមិនចង់ក៏ដោយ ក៏ក្រុមឈ្មួញទាំងនោះនៅតែដឹកយ៉ាងរំភើយដដែល។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំយ៉ោងបានឱ្យដឹងថា ៖ ផ្លូវបានរងនូវការខូចខាតខ្លាំងទៅៗ ដោយដីហុយងងឹតមេឃ បើនៅរដូវភ្លៀងវិញ គឺមានជង្ហុកជ្រៅៗ ធំៗនិងមានទឹកដក់សម្រាប់ក្មេងលេងទៀតផង។ ព្រោះរថយន្តដឹកអេតចាយមានទម្ងន់ធ្ងន់ៗកំពុងចរាចរទាំងថ្ងៃទាំងយប់។ ការដឹកដែកអេតចាយពីសំណាក់រថយន្តដឹកនេះ ពលរដ្ឋរស់នៅតំបន់នោះសង្ស័យថាដឹកលើសទំងន់ហើយ ពីព្រោះរថយន្តកុងតឺន័រមានប្រវែងទ្រុងវែងនិងទូរកុងតឺន័ររីកចេញខាងស្ទើរធ្លាយដូចក្របីផើមអញ្ចឹង។
ពាក់ព័ន្ធករណីខាងលើនេះ លោក សុខ រស់ អភិបាលស្រុកកំពង់រោទិ៍បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា ៖ លោកពុំបានដឹងរឿងមានរថយន្តធុនយក្សដឹកដែកអេតចាយរត់តាមផ្លូវមួយនេះទេ ទើបតែអ្នកសារព័ត៌មានសួរនាំទើបដឹងរឿងនេះ។
លោកអភិបាលស្រុកបានបន្តទៀតថា ៖ លោកបានដាក់បារ៉ាស់កំណត់កម្ពស់រួចរាល់ហើយ ប៉ុន្តែម៉េច!ក៏នៅតែមានរថយន្តកុងតឺន័រមកដល់ច្រកនេះទៀត។ លោកបានបញ្ជាក់ឲ្យដឹងថា ៖ រាល់មុខទំនិញតាមច្បាប់កំណត់មិនមានការអនុញ្ញាតឲ្យដឹកទំនិញឆ្លងចេញចូលនោះទេ ព្រោះអីជាច្រករបៀងដឹកបានតែប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច តាមម៉ូតូជាប់ព្រំដែនប៉ុណ្ណោះ។ ពាក់ព័ន្ធថា មានបើកបារ៉ាស់នៅឃុំព្រះពន្លានោះចាំលោកសួរនាំលោកមេឃុំ ព្រោះកន្លងមកបារ៉ាស់ចាស់ខូចអស់ហើយ។
បើតាមសមត្ថកិច្ចយោធាការពារព្រំដែនដែលឈរជើងនៅព្រំដែនសំយ៉ោងនេះបានអោយដឹងថា ៖ អេតចាយមិនមែនទំនិញខុសច្បាប់នោះទេ អញ្ចឹងការបិទមិនអោយឆ្លងទៅវិញទៅមកសំខាន់គឺលើអាជ្ញាធរដែនដីមាន ស្រុក ឃុំ ភូមិ បើកាលណាអាជ្ញាធរដែនដីគេប្រាប់អោយទប់ស្កាត់ទើបអាចទប់ស្កាត់បិទភ្លាម ហើយការខូចផ្លូវសំខាន់អាជ្ញាធរដែនដីបើគេសំណូមមកគឺខាងលោកទប់ស្កាត់ភ្លាម។
ពាក់ព័ន្ធករណីខាងលើនេះផងដែរលោក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនសំយ៉ោង(X14)ក្រុមអ្នកសារព័ត៍មានពុំអាចសាកសួរព័ត៍មានលំអិតអំពីករណីខាងលើនេះបានទេដោយសារលោកមិនសូវនៅកន្លែងទេ ហើយបើទូរស័ព្ទចូល(០៨៨ ៤៧២ ៣៧៧ ៧)បើមិនស្គាល់លេខVIP ទេ ក៏លោកមិនលើកដែរ!៕ វ៉ៃកូ