Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ ចំណូលរ៉ែមាស នឹងជួយគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ចំណូលដែលបានមកពីរ៉ែមាស អាចនឹងទាញយកផល បានក្នុង រយៈពេល ១០ ឆ្នំាខាងមុខទៀត ដោយរំពឹងថា ចំណូលរ៉ែមាសនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ឲ្យរីកចម្រើនកាន់តែលឿន និងល្អប្រសើរជាងមុន។

កម្ពុជា បានបង្ហាញការអបអរសាទរទៅនឹងសមិទ្ធផលរបស់ខ្លួន ដែលអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូង នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងចាប់ដំណើរការពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១នេះ តទៅ។ ចំណូល ដែលនឹងទទួលបានពីអាជីវកម្មរ៉ែមាសនេះ នឹងជួយរក្សាលំនឹងថវិកាជាតិ បន្ថែមពីលើចំណូលសារពើពន្ធពីវិស័យផ្សេងៗទៀត ក្នុងពេលដែលមានវិបត្តិ ឬហានិភ័យអ្វីមួយនោះ ដូចជាករណីជំងឺកូវីដ១៩ ជាដើម។

លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឱ្យដឹងថា ចំណូលរ៉ែមាសនេះ នឹងជួយបង្កើនចំណូលរាជរដ្ឋាភិបាល ជាពិសេស នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែរងផលប៉ះពាល់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ប្រាក់ចំណូលដែលបានមកពីវិស័យនេះ រំពឹងថា រាជរដ្ឋាភិបាល នឹងផ្តល់អាទិភាពទៅលើការអភិវឌ្ឍ ផ្លូវ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី ព្រោះរដ្ឋាភិបាល បានអនុម័តផែនការអភិវឌ្ឍន៍រៀងរាល់ ៥ឆ្នាំម្តង ដូច្នេះកម្ពុជា មានតម្រូវការច្រើនណាស់ ដើម្បីបន្តការបណ្តុះបណ្តាលជំនាញ និងធនធានមនុស្ស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនលឿន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តាមរយៈសារលិខិតជូនជនរួមជាតិ បានលើកឡើងថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

គួរបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរក អស់រយៈពេលប្រមាណ ១៤ឆ្នាំ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុនអូស្រ្តាលីទីមួយ ចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ បានផលិតចេញជាមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០% (Gold Doc Bars)។ តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង៕
រក្សាសិទ្ធិដោយ៖CEN

×