Friday, May 27, 2022

បាន​ធ្វើ​ជា​ចៅសង្កាត់​កា​កាប ២ បែរ​ជា​ប្តឹង​ដល់​តុលាការ​លែងលះ​ប្រពន្ធ , ប្រពន្ធ​ទៅ​អុកឡុក​ពេញ​កន្លែង​ធ្វើការ​

ភ្នំពេញ ​៖​ ប្រពន្ធ​បាន​ថ្លែង​នូវ​ប្រយោគ​មួយ​គួរឱ្យ​ពិចារណ​ថា ៖ ពេល​បាន​ឡើង​ធ្វើ​ជា​ចៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បែរជា​មាន​លិខិត​របស់​លោកប្តី​ប្តឹង​លែងលះ​ប្រពន្ធ​ពី​តុលាការ ដោយ​លោកប្តី​ដាក់ពាក្យ​ប្តឹង​ស្ងាត់ៗ​ទៅវិញ​។ លោក ម៉ាលី ពិសិដ្ឋ​​ដែល​ជា​ចៅសង្កាត់​កា​កាប​២ កូតា​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ផ្តាច់ខ្លួន​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ខាងលើ​នេះ​ជា​សម្ដី​ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើដំណើរ​តាំង​ពី​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទៅ​ស្កាត់​ជួប​និយាយ​សម្របសម្រួល​គ្នា​ជាមួយ​លោក ម៉ាលី ពិសិដ្ឋ ចៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​គាត់​បាន​និយាយថា លោក​ចៅសង្កាត់​ជា​ប្ដី​របស់​គាត់ រស់នៅ​ជាមួយគ្នា​ជាង​១០​ឆ្នាំ​មកហើយ​។​

​ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ប្រាប់ទៀតថា តាំងពី​ពេល​ដែល​ប្ដី​មាន​បុណ្យស័ក្ដិ​តូចតាច ឥឡូវ​លោក​ប្ដី​បាន​ឡើង​ជា​ចៅសង្កាត់ ស្រាប់តែ​ភ្លេច​រូបគាត់ និង​កូនៗ​៣​នាក់ ដោយ​លោក​ប្តី​បាន​លួច​ដាក់​ពាក្យ​ប្ដឹង លែងលះ​ស្ងាត់ៗ ខណៈ​គាត់​មិនដឹង និង​គ្មាន​កំហុស​នោះ​។ ប៉ុន្តែ​ពេល​គាត់​ទៅ​ដល់​សាលា​សង្កាត់ ស្រាប់តែ​លោក​ប្ដី បាន​បិទទ្វារ​នៅក្នុង​បន្ទប់​ធ្វើការ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង និង​ឲ្យ​កូនចៅ​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ ជាប់​មិន​ព្រម​ចេញ​មក​ជួប​គាត់​ឡើយ ហើយ​មូលហេតុ ដែល​សុំ​លែង​នោះ ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​ដាក់​ការសង្ស័យថា លោក​ប្ដី​មាន​ស្រី​ថ្មី ដែលជា​អ្នក​ធ្វើការ​ជាមួយ​ទៀត​ផង​។​

​ចំពោះ​ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅក្នុង​សាលា​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នកស្រី អ៊​ល ពិសី អាយុ​៣៩​ឆ្នាំ ប្រាប់ថា គាត់​រស់នៅ​ភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​បង​ឈ្មោះ ពិសិដ្ឋ សុ​ខិតា អាយុ​១៧​ឆ្នាំ កូនស្រី​ទី​២ ឈ្មោះ ពិសិដ្ឋ ថា​ភរិយា អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​ឈ្មោះ ពិសិដ្ឋ លី​វណ្ណ​លាភ អាយុ​៥​ឆ្នាំ​។​

​ស្ត្រី​រូប​នេះ បាន​សារភាព​ដោយ​ត្រង់ ថា គាត់ និង​លោក ម៉ាលី ពិសិដ្ឋ បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិន​បាន​រៀបការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ កន្លងមកហើយ ប៉ុន្តែ​បាន​ចុះ​អេតាស៊ី​វិល​ជា​មួយគ្នា ដែល​បញ្ជាក់ថា ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​។ មិនតែប៉ុណ្ណោះ​កាល​មុន​ពេល​ជួប​គ្នា គាត់​ជា​ស្រី​មេម៉ាយ មាន​កូនស្រី​ម្នាក់ ។ ចំណែក​លោក​ប្ដី​ក៏​ជា​បុរស​ពោះម៉ាយ មាន​កូន​ម្នាក់​ដែរ​។ លុះ​ពេល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ លោក​ប្ដី​បាន​ឲ្យ​គាត់​លុប​នាមត្រកូល​ប្ដី​មុន​របស់​កូនស្រី​ចោល និង​យក​ឈ្មោះ​របស់​ខ្លួន​ដាក់​ជំនួស​វិញ​។ បន្ទាប់មក​បាន​ឲ្យ​គាត់​សេង​អីវ៉ាន់​ចាប់ហួយ​យកលុយ និង​ខ្ចីលុយ​ធនាគារ​៥​ពាន់​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្កា​រមាស​២​តម្លឹង ប្រមូល​យក​លុយ​មករ​ក​ការងារ​ធ្វើ​នៅ​ភ្នំពេញ និង​បាន​ស្នាក់នៅ​ផ្ទះជួល​។​

​ពេលនោះ លោក​ប្ដី​បាន​ការងារ​ជា​ចៅសង្កាត់រង​ទី​២ សង្កាត់​កា​កាប ហើយ​បាន​ស្នាក់នៅ​ជាមួយគ្នា ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ លុះ​ក្រោយមក បន្ទាប់​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដី​គាត់​បាន​ក្លាយជា​ចៅ​សង្កាត់​កា​កាប​២ ប៉ុន្តែ​មិន​បាន​ប្រាប់​ឲ្យ​គាត់​ដឹង​ថា ជាប់​ជា​ចៅ​សង្កាត់​ឡើយ គឺ​លាក់លៀម​រហូត​។ លុះដល់​ខែ​ធ្នូ ឆ្នាំ​២០១៧ ស្រាប់តែ​លោក​ប្ដី​ដាក់ពាក្យ​ទៅ​តុលាការ សុំ​លែងលះ​គ្នា​ជាមួយ​គាត់ ដោយ​គ្មាន​មូលហេតុ និង​បាន​ព្យាយាម​គេចវេស​ពី​គាត់​រហូត​តែម្ដង​។​

​ក្រោយពី​ប្ដី​ធ្វើបែបនេះ គាត់​ពិបាកចិត្ត​ណាស់ ហើយ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ គាត់​បាន​តាមរក​ប្ដី ប៉ុន្តែ​ប្ដី​គេច​មិន​ជួប​ទេ លុះដល់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ តុលាការ​បាន​កោះហៅ​ទៅ​សាកសួរ​។ ពេលនោះ ប្ដី​ដាច់ខាត​ត្រូវតែ​លែង​គាត់​ចោល ប៉ុន្តែ​គាត់​វិញ​មិន​បាន​លែង​ទេ លុះដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តុលាការ​បាន​កោះហៅ​ម្ដងទៀត តែ​គាត់​អត់​បាន​ទៅ​ទេ ព្រោះ​អត់​ស្រួលខ្លួន ហើយ​ប្ដី​បានគេច​រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​នេះ ទើប​គាត់​សម្រេចចិត្ត​តាម​រក​ដល់​សាលា​សង្កាត់​តែម្ដង​។ ប៉ុន្តែ​លោក​ចៅសង្កាត់ មិន​ចេញពី​បន្ទប់​ធ្វើការ​មក​ជួប​ឡើយ ដូច្នេះ​សុំឲ្យ​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គាត់​ផង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​