ព្រះវិហារ ៖ ព្រឹកថ្ងៃអង្គារ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី បិន ឈិន រដ្ឋមន្ដ្រីស្ដីទី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បិន ឈិន បានមានប្រសាសន៍ថា សារមន្ទីរធម្មជាតិសកល ប្រៀបដូចជាកញ្ចក់មួយ ដែលប្រជាជនក្នុងតំបន់ អាចប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងអំពីអតីតកាលរបស់ខ្លួន។ សារមន្ទីរនេះ ផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានបុរាណវិទ្យានានា ហើយពាក្យថា ធម្មជាតិ របស់សារមន្ទីរនេះ សំដៅលើសារសំខាន់ទាំងផ្នែកធម្មជាតិ និងបរិស្ថានសង្គម ដែលសារមន្ទីរធម្មជាតិសកលតាំងទីស្ថិតនៅ។
សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណ២៣គីឡូម៉ែត្រ ពីរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ សារមន្ទីរនេះ ក្រៅពីការដាក់តាំងបង្ហាញវត្ថុសិល្បៈ ប្រមូលមកពីប្រាសាទព្រះវិហារ និងប្រាសាទនានា ក្នុងតំបន់សារមន្ទីរធម្មជាតិសកល ក៏មានបង្ហាញនូវប្រភេទសត្វ និងរុក្ខជាតិ ដែលមានលក្ខណៈពិសេស និងកំពុងប្រឈម នឹងការផុតពូជ ព្រមទាំងវត្ថុប្រើប្រាស់ផ្សេងៗ ដែលឆ្លុះបញ្ចាំងអំពីសហគមន៍ប្រជាជននៅក្នុងតំបន់ទាំងជនជាតិខ្មែរ និងជនជាតិភាគតិចកួយ៕ ដោយ ៖ បញ្ញាស័ក្តិ