ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីឱកាសវិនិយោគលើវិស័យដែលមានភាពលេចធ្លោនៅកម្ពុជាបន្ថែមពីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល ១៥ឆ្នាំ រួចមកហើយ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងនូវការកត់សម្គាល់អំពីភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែករវាងខេត្ត Zhejiang និងកម្ពុជា ដែលការណ៍នេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន។ ឆ្លៀតឱកាសនៃជំនួបខាងលើ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។
ជាការឆ្លើយតប ភាគីមិត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានឆ្លៀតពេលវេលាមមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវមតិណែនាំដ៏មានសារៈសំខាន់។ ស្របគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ហើយវឌ្ឍនភាពនេះហើយគឺជាកម្លាំងចលករជំរុញក្រុមហ៊ុនក្នុងការបុកគ្រឹះនៃមុខសញ្ញាវិនិយោគរបស់ខ្លួនឱ្យកាន់តែមានពិពិធភាព និងចីរភាពនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី