ភ្នំពេញ ÷ បន្ទាប់ពីចាប់ដំណើរការរបស់រោងចក្រឧស្សាហកម្មផលិតមាសរបស់ក្រុមហ៊ុនអូស្ត្រាលីក្នុង ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជារួចមក លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាមិនមែនមានតែខេត្តមណ្ឌលគីរី ក្នុងតំបន់អូខ្វាវមួយប៉ុណ្ណោះទេ ដែលមានសក្ដានុពលលើរ៉ែមាស ប៉ុន្ដែមាននៅបណ្ដាខេត្តប្រមាណ៦ទៀត ក៏មានរ៉ែមាសនេះដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា «សម្រាប់រ៉ែមាសនេះ មិនមែនមានតែក្នុងខេត្តមណ្ឌលគីរីមួយនោះទេ ប៉ុន្ដែមាននៅក្នុងបណ្ដាខេត្តជាច្រើនទៀត ដូចជា ព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តរតនគីរី ជាដើម ហើយកំពុងត្រូវបានរាជរដ្ឋាភិបាលរៀបចំអភិវឌ្ឍ។
គួរបញ្ជាក់ឲ្យដឹងថា អាជីវកម្មរ៉ែមាសជាអាជីវកម្មថ្មីមួយ ចំណូលថ្មី និងជាប្រវត្តិសាស្រ្ដដំបូង ដែលទទួលបានចំណូលពីរ៉ែមាសនេះ ដាក់ក្នុងថង់ថវិការបស់ជាតិ ហើយថវិកាជាតិប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្រាប់ចំណូលដែលបានប៉ាន់ស្មាន មួយឆ្នាំប្រហាក់ប្រហែល ៤០លានដុល្លារអាមេរិក ជាចំណូលជាតិ ដែលបានមកពីសួយសារ និងសារពើពន្ធផ្សេងៗ លើការលក់មាសក្នុងការដ្ឋាននេះ។ ចំណូលទាំងអស់នេះ នឹងបញ្ជូលទៅក្នុងថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងមូល។ នេះប្រៀបបានជាថង់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់ និងគ្រប់គ្រង, នេះជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ដោយអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស នេះផងដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាបរិស្ថានឲ្យដឹងថា ការធ្វើអាជីវកម្មចម្រាញ់មាស កម្រិតឧស្សាហកម្មនេះ តាមពិតទៅ វាធូរស្រាលទេចំពោះបញ្ហាបរិស្ថាន ព្រោះដោយសារទី១ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ គឺយើងតម្រូវឱ្យគាត់ធ្វើការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន និងសង្គម ហើយកិច្ចការងារនេះ គឺគាត់ត្រូវធ្វើការជាមួយក្រសួងបរិស្ថាន។

មានន័យថា ក្រុមហ៊ុនមិនត្រឹមតែធ្វើអាជីវកម្មរ៉ែមាសប្រកបដោយស្តង់ដារ នៅក្នុងទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនថែមទាំងឆ្លើយតបទៅនឹងសង្គមជាតិ និងប្រជាជនកម្ពុជាផងដែរ។ ដូច្នេះ ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន គឺមិនប៉ះពាល់ដល់ផលអាក្រក់ដល់ប្រជាជន និងបរិស្ថានឡើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN









