Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ត្រូវបាន​រៀបចំ​ភ្លើង​លម្អ ដើម្បី​ធ្វើឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់ត្រកាល​ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​

spot_img

ខេត្តសៀមរាប ​៖ ​រាត្រី​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ការរៀបចំ​ភ្លើង​លម្អ ដើម្បី​ធ្វើឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ផ្សាយ​ថា នេះ​ជា​លើក​ទី​៦​ហើយ ក្នុង​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៥​លើក​មក​ហើយ ដែល​ធ្វើឲ្យ​មាន​កិត្តិស័​ព្ទ​ប្រពៃណី​ជាតិ​បាន​ល្បីល្បាញ​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួលបាន​ជោគជ័យ​លើ​វិញ្ញាសា​សំខាន់ៗ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀតផង ។​

​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ដំណើរ​ដោយ លោក​ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត បាន​អញ្ជើញ​ចុះ​ធ្វើ​ការត្រួតពិនិត្យ អំពី​ការតុបតែង​ភ្លើង​លម្អរ នៅតាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប និង ការរៀបចំ​ក្រាល​ការ៉ូ និង សួនច្បារ​នៅមុខ​ព្រះរាជដំណាក់​ផងដែរ ។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​នោះ លោក ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើ​ការណែនាំ​ដល់ លោកនាយក​ទីចាត់ការ ហិរញ្ញវត្ថុ​សាលាខេត្ត ត្រូវ​ធ្វើកា​រ​ពន្លឿន​ក្នុង​ការរៀបចំ​ធ្វើការ​ក្រាល​ការ៉ូ នៅ​នឹង​សួនច្បារ​សាធារណៈ ព្រមទាំង​ធ្វើការ រៀបចំ ដាំ​ស្មៅ ដើម​ផ្កា​ចម្រុះ​ពណ៌ ក្នុងការ​លម្អ​នូវ​សោភ័ណភាព​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ជា​ទីក្រុង​ទេសចរណ៍​វប្បធម៌​-​ប្រវត្តិសាស្ត្រ និង ធម្មជាតិ ជាមួយនេះដែរ ក្រុង​សៀមរាប ដែល​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​សម័យ​រុងរឿង​នៃ​អង្គរ ក៏​បាន​ទទួល​ជ័យលាភី ជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨-២០២០ និង បាន​ក្លាយជា​តំបន់​គោលដៅ​របស់​ភ្ញៀវទេសច​រលើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ក្រោម​ដំបូល​នៃ​សន្តិភាព ដែល​ជា​សមិទ្ធផល បានមក​ពី​ការស្វែងរក​ដោយ​ការលំបាក និង​មាន​លះបង់​ខ្ពស់​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ក្នុងនោះ​ដែរ​លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​អនុគណៈកម្មការ​រៀប​ចំ​ការងារ​តុបតែង​លម្អ​ភ្លើង ព្រម​ទាំង​ការ​ធ្វើ​អនាម័យ​បរិស្ថាន នៅតាម​ទីកន្លែង​សាធារណៈ​។ ម្យ៉ាងទៀត​ក្រុមបច្ចេកទេស ការរៀបចំ​លម្អ​ភ្លើង គឺ​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​ក្នុងការ​រំលេច​នូវ​សោ​ភ័ណ​ភាព​សម្រស់​បៃតង​នៅ​តាម​ដងស្ទឹង និង រុក្ខវិថី​នានា​ក្នុង​ក្រុង នា​ពេល​រាត្រី​ឲ្យ​កាន់ តែ​ធ្វើ​ការទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ជាពិសេស​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មកដល់​នា​ពេល​ប៉ុន្មាន​ពេល​ខាងមុខ​នេះ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​ផង​ដែរ ។​

​លោក ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់ អនុគណៈកម្មការ​រៀប​ចំ​ការតុបតែង​ភ្លើង​លម្អ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​របស់​ខ្លួន​ឲ្យបាន​ជាប្រចាំ និង ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បច្ចេកទេស​ការតភ្ជាប់​ចរន្ត ភ្លើង កុំឲ្យ​មាន​ការបង្ក​គ្រោះ​ថ្នាក់ដ​ល់អ្ន​កដទៃ និង ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​រាល់​អំពូល​ភ្លើង ដែល​ខូច​ដាច់ចេញ​ផងដែរ ។​

​លោក ក៏​បាន​ដាក់​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុង​ការរៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក៏​ដូច​នៅតាម ដងស្ទឹង និង សួន​ច្បាប់ ដែល​ជា​ទីតាំង​ដ៏​មាន​សារសំខាន់​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ខាង​មុខ​ផងដែរ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×