ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងរស់នៅខេត្តព្រះសីហនុ បង្ហាញអារម្មណ៍រីករាយ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមស្ថាបនាផ្លូវល្បឿនលឿន ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មានរយៈពេលឆាប់រហ័ស។ ឯកសារផ្លូវការបង្ហាញថា ផ្លូវល្បឿនលឿន ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មានប្រវែង ១៩០,០១៦ គីឡូម៉ែត្រ។ ផ្លូវនេះ នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៨ ហើយនឹងចាប់ផ្តើមស្ថាបនានៅដើមឆ្នាំ២០១៩ ដោយ គ្រោងបញ្ចប់ការកសាងជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល ៤ឆ្នាំ ដើម្បីសាងសង់ ។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាចំនួន ១,៧៨២,០០០,០០០ដុល្លានដុល្លារសហរដ្ឋ អាមេរិក និងសាងសង់ដោយ ក្រុមហ៊ុន CRBC (China Road and Bridge Corporation)។
ទាក់ទិនគម្រោងស្ថាបនាផ្លូវល្បឿនលឿននេះ យោងតាមខ្លឹមសារ សិក្ខាសាលាស្តីពីការចូលរួមវាយតម្លៃលទ្ឋផលការសិក្សាហេតុផលបរិស្ថាន និងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីតំណាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្រុមការងារស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានគាំទ្រទាំងស្រុង ចំពោះគ្រោងស្ថាបនផ្លូវល្បឿនលឿនខាងលើនេះ។ នាឱកាសនោះដែរ លោក យន្ត មីន បានជម្រុញលើកទឹកចិត្តឲ្យគម្រោងស្ថាបនាផ្លូវល្បឿននេះ មានដំណើរការចេញជាលទ្ធផលអោយបានឆាប់ ដោយគោរពតាមច្បាប់ និងធានាគុណភាពស្តង់ដារអោយបានត្រឹមត្រូវ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់ ៤រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ។ ក្នុងនោះបានឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ-សង្កាត់ និង១១០ភូមិ។
ផ្លូវល្បៀនលឿននេះ មានកំរាលបេតុងកៅស៊ូ AC មានប្រវែងសរុប ១៩០,០៦១ គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់)។ ផ្លូវល្បឿនលឿននេះ មានទទឹង ២៤,៥ ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវឡាន (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ មាន ស្ពាន ៨៩កន្លែង។ ផ្លូវនេះមានល្បឿនកំណត់ចាប់ពី ៨០ ទៅ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មានកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង។
ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវ ដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខានសរុបប្រហែល ៥៧,១៩ គីឡូម៉ែត្រ ព្រមទាំងទុកកន្លែងសម្រាប់មនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន ៣៥២កន្លែង។
មន្ត្រីដដែល បានឲ្យដឹងថា ទិន្នន័យនេះ គ្រាន់តែជាលទ្ធផល នៃការសិក្សាដំណាក់កាលទី១ តែប៉ុណ្ណោះ ព្រោះខាងភាគីក្រុមហ៊ុន នឹងត្រូវធ្វើការសិក្សាចំនួន ៣លើកបន្ថែមទៀតនាថ្ងៃខាងមុខ ដើម្បីឲ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿននេះ នៅដើមឆ្នាំ២០១៩ខាងមុខ៕ ដែន សីមា