ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមអ្នកផលិតក្នុងស្រុក បានបង្ហាញការគាំទ្រចំពោះការដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាបញ្ជាក់គុណភាពនេះ ដែលនឹងចូលរួមចំណែក ជួយលើកកម្ពស់ការផលិតគុណភាពផលិផល និងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំងសម្រាប់ផលិតផលក្នុងស្រុក។

អ្នកផលិតក្នុងស្រុកដ៏ល្បីមួយរូប និងម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីនៅកម្ពុជា លោកជំទាវ កែវ មុំ បានឱ្យ ដឹង ថា និមិត្តសញ្ញាបញ្ជាក់គុណភាពនេះ មិនត្រឹមតែជួយពង្រឹងគុណភាព និងសុវត្ថិភាពផលិតក្នុងស្រុកប៉ុណ្ណោះ ទេ ថែមទាំងផ្តល់ទំនុកចិត្តដល់អ្នកលក់ និងអ្នកប្រើប្រាស់ទៀតផង។
ក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឲ្យប្រើសញ្ញាផលិតផលកម្ពុជាមានគុណភាព កាលពីថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុក ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា។

បើតាមក្រសួងឧស្សាហកម្ម គោលបំណងដាក់ឱ្យប្រើសញ្ញាផលិតផលកម្ពុជាមានគុណភាពនេះ គឺដើម្បីជួយពង្រឹងគុណភាព និងសុវត្ថិភាពផលិតផល ដែលផលិត ដោយរោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា។ មន្រ្តីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា តាមរយៈនិមិត្តសញ្ញានេះ វានឹងជួយឲ្យផលិតផលកម្ពុជាមានឱកាសកាន់តែខ្ពស់ក្នុងការជ្រៀតចូលផ្សារទំនើបផ្សេងៗនៅកម្ពុជា និងធ្វើឲ្យអតិថិជនក៏ដូចជាអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តលើផលិតផលក្នុងស្រុក។
ការចុះបញ្ជីផលិតផលមានគុណភាពនេះ លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ត្រូវចុះបញ្ជីធ្វើពាណិជ្ជកម្មត្រឹមត្រូវជាមួយក្រសួង និងមានការចុះបញ្ជីផលិតផល និងរង្វាស់រង្វាល់ត្រឹមត្រូវ។ លោកបន្តថា ការចុះបញ្ជីនេះ មិនមែនចេះតែផ្តល់ឲ្យនោះទេ គឺត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរ៉ឺងពីគណៈការជំនាញតាមដំណាក់កាលនីមួយ ៗ។

បើតាមលោក ហួន សុរង្សី ការចុះបញ្ជីនេះដែរតម្រូវឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មត្រូវបង់សេវាជូនរដ្ឋចំនួន ៣០ម៉ឺនរៀលក្នុងមួយមុខទំនិញ។
ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ អាចមកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជា មានគុណភាពនេះ ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕
រក្សាសិទ្ធិដោយ៖CEN

