ភ្នំពេញ ៖ វិស័យសន្ដិសុខឯកជន បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាន នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នាថ្ងៃ២០ ខែមីនា ឆ្នាំ២០១៨ ក្នុងពិធីបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី២ ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងថា បច្ចុប្បន្ន ភ្នាក់ងារសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាពវិជ្ជាជីវៈ និងក្រម សីលធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារសំខាន់ នេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព ភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ច ការពារសន្ដិសុខសង្គមជូនប្រជាពលរដ្ឋ ហើយ ភ្នាក់ងារសន្ដិសុខឯកជនដែលជាសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់វាគ្មិនពន្យល់ ហើយយកចំណេះដឹងទៅ បំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល។
ភ្នាក់ងារសន្ដិសុខ ឯកជនមានតួនាទី ជាកម្លាំងជំនួយដល់អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមូលដ្ឋាន ប្រសិនបើឃើញនូវ សកម្មភាពល្មើសច្បាប់ណាមួយ៕ ដោយ៖បញ្ញាស័ក្តិ