Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង LASED III ផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់សង់លំនៅដ្ឋាន ដល់ប្រជាពលរដ្ឋក្រីក្រ និងដីសម្បទានសង្គមកិច្ច សម្រាប់បង្ករបង្កើនផល

ភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាព គុណភាពជីវិតសម្បទានិកកាន់តែប្រសើរ។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារអាមេរិក។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើម អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិ មួយចំនួនទៀត។

ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារអាមេរិក ក្នុងនោះឥណទានធនាគារ ពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០.០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១០.០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច១.៥០០គ្រួសារ។ សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការធ្វើ ផែនការប្រើប្រាស់ដីនៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍ ជីវភាពរស់នៅរបស់អ្នកទទួលផល។

តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ តម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់ លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុនក្នុងការចាប់ផ្តើមកសាងជីវភាព រស់នៅនិងបង្កបង្កើនផល។ ជាមួយនេះ គម្រោងនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជា មូលដ្ឋាន បណ្តុះបណ្តាលលើការងារកសិកម្មនិងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

កត្តាដែលអាចជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាព គុណភាពជីវិតសម្បទានិកកាន់តែប្រសើរ ក៏ព្រោះតែគម្រោង LASED III នេះមិនត្រឹមតែផ្ដល់ដីមិនត្រឹមតែផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់សង់លំនៅដ្ឋាន ដល់ប្រជាពលរដ្ឋក្រីក្រតែមួយមុខនោះ តែថែមទាំងផ្ដល់នូវដីសម្បទានសង្គមកិច្ច សម្រាប់បង្ករបង្កើនផលផងដែរ។

បន្ថែមពីលើនេះ គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ដោយមានការឥណទានពិភពលោក និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏មានការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ លើវិស័យកសិកម្ម ផ្ដល់ពូជសត្វ ពូជបន្លែ បង្កើតទីផ្សារ សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការបណ្ដុះបណ្ដាលប្រជាពលរដ្ឋពីការសន្សំប្រាក់ និងផ្ដល់មូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍ ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្ម និងសិប្បកម្មថែមទៀតផង។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានបន្ថែមទៀតថា ចំណុចពិសេសរបស់គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III នេះ គឺការគិតគូរពីជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច។ គម្រោងនេះ នឹងផ្ដល់កញ្ចប់ថវិកាសម្រាប់គាំទ្រលើការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការរៀបចំដីបម្រុងសម្រាប់បង្កើតសហគមន៍ព្រៃឈើ និងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ ដែលជាឧបករណ៍ចាំបាច់សម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×