កំពត ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមរកបុគ្គលម្នាក់ ដែលសង្ស័យបន្លំខ្លួនធ្វើជាសង្ឃមានឈ្មោះថា ម៉ារី ដែលកំពុងចល័តពីកែប ទៅកំពត និងទៅតាកែវ ធ្វើសកម្មភាពដើរនិយាយភូតកុហកអកុសលប្រាប់ប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបទបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោកម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុគ្គល ឈ្មោះ ម៉ារី បានហើយនៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។
បុគ្គលឈ្មោះ ម៉ារី នេះ បានទៅដើរភូតកុហកប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពតជាដើម ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសអូស្ត្រាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនជននេះ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសួរនាំចាត់វិធានការបន្តទៀត។
ក្មុងកម្មវិធីជួបជាមួយកម្មកររោងចក្រ កាលពីព្រឹកថ្ងៃទី២១មីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលរូបនេះ បានធ្វើសកម្មភាពភូតកុហកប្រជាពលរដ្ឋពីសកម្មភាពរបស់សម្តេច ដូចជាថាសម្តេចរត់គេចពីអ្នកព័ត៌មាន ពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកបុគ្គលរូបនេះជាជនចារកម្ម៕ ដោយ ៖ បញ្ញាស័ក្តិ