បុរសគ្មានដៃទាំងពីរម្នាក់ រស់នៅក្នុងទីក្រុង Lastro ស្ថិតនៅភាគឦសាននៃប្រទេសប្រេស៊ីល បានកំពុងទទួលការចាប់អារម្មណ៍នៅលើអ៊ីនធើរណេត បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យឃើញគាត់បានច្នៃផលិតរថយន្តក្មេងលេងអំពីឈើ បានរីករាលដាល ។
Geraldo Pereira អាយុ ៤៧ ឆ្នាំ ដែលមានជំងឺតំណពូជ បណ្តាលឲ្យគាត់គ្មានដៃ ។ ប៉ុន្តែ ខណៈដែលមនុស្សភាគច្រើន បានផ្តេកផ្តួលទៅតាមកម្មព្រេងវាសនាមួយ ដើម្បីទាញយកផលប្រយោជន៍ពីអ្នកដទៃ តាមរយៈការសុំទានគេយ៉ាងជាក់ស្តែងនោះ តែសម្រាប់លោក Pereira វិញ ពុំបណ្តែតបណ្តោយឲ្យជីវិតពិការភាពនេះ ធ្វើបែបនេះឡើយ ។
ដោយគ្រាន់តែប្រើប្រាស់ជើងរបស់គាត់ ដែលមើលទៅគួរឲ្យវេទនាជួសបំផុតនោះ លោក Pereira អាចបង្កើតកូនឡានធ្វើអំពីឈើ សម្រាប់បំពេញតម្រូវការកូនក្មេងយ៉ាងឡូយៗ ។ គាត់អាចលើកញញូរ និងអារឈើ ដោយប្រើជើងរបស់គាត់ ដើម្បីបង្កើតរូបរាងកូនឡានតូចៗ សម្រាប់ក្មេងលេងបាន ។
គាត់បាននិយាយថា៖ «តាំងពីកុមារភាពមក ខ្ញុំតែងតាំងចិត្តនឹងមានជីវិតឯករាជ្យ ។ ខ្ញុំមិនដែលមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងទេ ប៉ុន្តែ ខ្ញុំជឿជាក់ថា ខ្ញុំពិតជាមនុស្សអស្ចារ្យម្នាក់ ។ ប្រសិនអ្នកមិននឹកគិតអំពីរឿងនេះ នោះអ្នកនឹងស្វែងរកវិធីដើម្បីធ្វើដោះស្រាយ សម្រាប់ជីវិត» ។
Periara ជារឿយៗតែងធ្វើប្រដាប់ប្រដាក្មេងលេងនៅតាមទីសាធារណៈ ទីកន្លែងមនុស្សម្នាក់ចាប់អារម្មណ៍ និងមកចោមរោមមើលជំនាញដ៏ពុំនឹកស្មានរបស់គាត់ ៕ ចន្ទី