ភ្នំពេញ ៖ និស្សិតសកលវិទ្យាល័យបៀលប្រាយម្នាក់ និងសិស្សវិទ្យាល័យភ្នំពេញថ្មីចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន២គ្រឿង ពីជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ក្នុងទឹកដីខណ្ឌទួលគោក រហូតបានសម្រេច និងព្យាយាមរត់គេចខ្លួននោះ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចភ្លើងស្តុបផ្សារដីហុយ លើកំណាត់ផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ឈ្មោះ ជា សុភិរក្ស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតជាសិស្សវិទ្យាល័យភ្នំពេញថ្មីឈ្មោះ ខៀវ សុខុមឡាវីត អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលំ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឯជនរងគ្រោះឈ្មោះ ណៅ រាត្រីនិមល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ១៤០ ក្រុម៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពិនិត្យទឹកនោម សមត្ថកិច្ចបានរកឃើញពួកគេ មានជាប់សារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត៕ ដោយ៖បញ្ញាស័ក្តិ