ក្រុងប៉ៃលិន៖ ដើម្បីសម្រួលដល់ការនាំចេញកសិផលជូនពាណិជ្ជករ និងប្រជាកសិករនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ (D) ដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន៤ ក្នុងពេលតែមួយគឺ៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការធ្វើប្រតិភូកម្មនៃការចេញ CO ទម្រង់ ឌី (D) សម្រាប់ខេត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នៅក្នុងឱកាសនោះ លោកប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាភស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ពីការបេ្តជ្ញាចិត្ត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាល។ លោកបានគូសបញ្ជាក់ថា ការធ្វើប្រតិភូកម្មនេះមិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តមុខងារឲ្យកាន់តែមានប្រសិ្ធទ្ធភាព និងតម្លាភាព ជៀសវាងនូវបាតុភាពអសកម្ម និងការកកស្ទះកសិផល ជាយថាហេតុ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្រសួងនឹងបន្តធ្វើប្រតិភូកម្មសេវាធារណៈនេះ ដល់បណ្តាខេត្តជាប់ព្រំដែនផ្សេងៗទៀតនាពេលអនាគត ទន្ទឹមគ្នានឹងការបណ្តុះបណា្តលមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មជាមុន ទាំងកម្រិតជំនាញទាក់ទងវិធានប្រភពដើមទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចេញ CO ផងដែរ។
គួររំលឹកដែរថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងការខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យមានការអភិវឌ្ឍដ៏ទូលំទូលាយ ប្រកបដោយនិរន្តរភាព ព្រមទាំងដើម្បីពង្រឹង និងធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ដ្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់តាំងពីឆ្នាំ២០០៥។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មកន្លងមក បានធ្វើប្រតិភូកម្មសេវាសាធារណៈជាបន្តបន្ទាប់ ដល់មន្ទីរពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបតម្រូវការអាទិភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋបំផុត។
បើតាមទិន្ន័យរបស់នាយកដ្ឋាននាំចេញ-នាំចូលបានឲ្យដឹងថា ការនាំចេញនៅក្រោមប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស បានកើនឡើងរហូតដល់១១.១៥៣ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ពោលគឺស្មើនឹងជាង១៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលទឹកប្រាក់ត្រឹមតែ ៩.៤២១ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែកការនាំចេញតាមវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ ឌី (D) ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណជាង ៦៦ភាគរយ គឺពីទឹកប្រាក់ ៧២៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ទឹកប្រាក់១.២១៤ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕ ដោយ ៖ បញ្ញាស័ក្តិ