ភ្នំពេញ ៖ ឆ្លើយតបទៅនឹងលិខិតរបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបង្ហាញខ្លឹមសារយ៉ាងជិតស្និទ្ធស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការនោះ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតស្និទ្ធស្នាលស៊ីជម្រៅតបវិញថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបម្រើផលប្រយោជន៍ប្រជាជន និងបាននាំមកនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងបុព្វហេតុកសាង និងថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ , ហើយថា សមិទ្ធផលទាំងនេះ មិនអាចសម្រេចបានដោយគ្មានមានការគាំទ្រឥតឈប់ឈរ ឥតងាករេ និងទាន់ពេលវេលារបស់មិត្តដែកថែបចិននោះឡើយ។

នាយករដ្ឋមន្ត្រីដែលមានបទពិសោធន៍ឈ្លាសវៃ អព្ភន្តរញាណ បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រូបនេះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយប្រជាជន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងរបប អាណានិគមនិយម សំដៅទាមទារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។ ក្នុងឱកាសនេះទៀតសោត ខ្ញុំសូមសម្តែងភាពរីករាយជាខ្លាំងដែលបានសង្កេតឃើញពីការរីកចម្រើននៃទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធរវាងគណបក្សទាំងពីរ។ ដោយផ្អែកលើការជឿជាក់ផ្នែកនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមករបស់គណបក្សយើងទាំងពីរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលមានស្រាប់រវាងកម្ពុជា និងចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដោយសម្ដែងងនូវភាពសិ្នទ្ធស្នាល កិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងកម្ពុជា-ចិន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










