ភ្នំពេញ ៖ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ នាពេលបច្ចុប្បន្ននេះ មុខរបរលក់ផលិតតាមអនឡាញ ឃើញថាបាននិងកំពុងកើនឡើងយ៉ាងផុសផុលតែម្តង។ ហើយទន្ទឹមនឹងកំណើននេះផងដែរ អ្នកលក់នីមួយៗ គឺត្រូវមានយុទ្ធសាស្រ្តផ្សេងៗគ្នា ក្នុងការប្រម៉ូតសិនផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន តាមរយៈដូចជា ទិញ១ថែម១ ឬ ទិញ១០ បញ្ចុះត្រឹមតម្លៃដ៏ថោកដែលមិនធ្លាប់មាន ជាដើម។

តែយ៉ាងណា ក្នុងនោះ ក៏មានអ្នកលក់មួយចំនួនរកស៊ីគំនិតអាក្រក់ផងដែរ ដោយនៅក្នុងការ Live ប្រម៉ូតសិន បង្ហាញផលិតផលរបស់ខ្លួនសុទ្ធតែល្អៗ ហើយតម្លៃក៏ថោកទៀត ប៉ុន្តែ នៅពេលទៅដល់ដៃអតិថិជន បែរជាទទួលបានរបស់អន់ទៅវិញ។ នៅមានការរកស៊ីគំនិតមិនល្អជាច្រើនទៀត ដែលបងប្អូនមួយចំនួនបានជួបប្រទះ កាលពីពេលកន្លងមក ដូចជាការ វេលុយឲ្យមុន រួចប្លុកលេខបាត់ជាដើម។
តួយ៉ាងដូចជាករណីនេះអុីចឹង គឺពិតជាមានការហួសចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងថា ផេកលក់ផលិតផលមួយដែលមានឈ្មោះថា N-Collection ត្រូវបានអតិថិជនផ្ទុះការក្តៅក្រហាយយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ផេកលក់ខោអាវនេះ បានប្រម៉ូតូឆបោកដាក់បង្ហាញសុទ្ធតែខោអាវស្អាត ហើយតម្លៃវិញពិតជាមិននឹកស្មានដល់ គឺត្រឹម ៥០០ រៀល ប៉ុណ្ណោះ ប៉ុន្តែ នៅពេលទៅដល់ដៃពួកគាត់ គឺសុទ្ធតែខោអាវគីប (ខោអាវជជុះ) តែម្តង។

ក្នុងនោះ អតិថិជនម្នាក់បានដាក់ឲ្យបែបនេះថា៖ «អ្នកលក់ចរឹកអន់ ពេលឡាយលក់ យកខោស្អាតៗមកលក់ ពេលបានអុីវ៉ាន់ហួសចិត្ត យកខោជជុះឲ្យឯង ឆាតទៅមិនចង់តបទៀត អ្នកលក់អើយអ្នកលក់ អីក៏ថោកមេស។ នេះផេកអ្នកលក់ N-Collection ជួយស៊ែរម្នាក់មួយទៅកុំឲ្យមានគេចាញ់បោកវាទៀតបងប្អូន»។
ចំណែកផេកលក់ខោអាវមួយ ដែលគេរកស៊ីមានសេចក្តីថ្លៃថ្នូរត្រឹមត្រូវ ព្រោះតែហួសចិត្តពេក ក៏បានចេញមកនិយាយថា «អាវមួយ500៛ គ្រាន់តែឃើញចង់គាំង ជាអ្នកលក់ឲ្យមានភាពស្មោះត្រង់ លក់ខោអាវគីបឲ្យដឹងគីប យករូបខោអាវគីបយើងទៅផុសទៅ កុំរបៀបលក់ខោអាវគីបយកសុទ្ធតែរូបខោអាវថ្មីសាច់ល្អៗរបស់គេទៅផុស ខូចឈ្មោះអ្នកលក់អនឡាញល្អៗអស់ហើយប្អូន អញ្ចឹងបានថានៅលើលោកនេះគ្មានរបស់ណាល្អ ស្អាត ហើយថោកនោះទេ គុណភាពទៅតាមតំលៃ»។

តែទោះយ៉ាងណា នេះគ្រាន់តែជាការលើកឡើងចោទប្រកាន់របស់អតិថិជនខាងលើប៉ុណ្ណោះ ហេតុនេះ ចំពោះរឿងឡាយលក់ផលិតផលខោអាវជជុះឆបោកពិតប្រាកដ ឬយ៉ាងណានោះ គឺយើងនឹងរង់ចាំមើលការចេញមកបកស្រាយបញ្ជាក់ ពីផេករងការចោទប្រកាន់នេះប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

