ភ្នំពេញ ៖ ក្នុងលិខិតជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញវីរុសកូវីដ-១៩បំប្លែងងថ្មី (ដែលតា) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមគន្លងថ្មីក្នុងបរិបទវិបត្តិកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានពន្យល់ថា ពាក្យស្លោក ” រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” គឺសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។
ការកាត់ផ្ដាច់ខ្សែចម្លង និងគ្រប់គ្រងវីរុសកូវីដ-១៩ បាន គឺបងប្អូនប្រជាពលរដ្ឋត្រូវ ពង្រឹងការអនុវត្តន៍វិធានការការពារជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងហ្មត់ចត់ , ការធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN











