ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ហាញថា មានមន្ទីរពេទ្យរដ្ឋមួយចំនួន និងឱសថស្ថាន រួមទាំងផ្សារឯកជននៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធ ចែកចាយបន្ត ឬយកទៅប្រើប្រាស់អាល់កុលក្លែងក្លាយ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ហាញថា ទីតាំងពាក់ព័ន្ធចែកចាយបន្ត ឬយកទៅប្រើប្រាស់អាល់កុលក្លែងក្លាយ មានដូចជាៈ ១. មន្ទីរពេទ្យរបេង ២. មន្ទីរពេទ្យជប៉ុន ៣. គ្លីនីកសង់ត្រាល់ ៤. ឱសថស្ថាន មហានគរ ៥. ឱសថស្ថាន ព្រះច័ន្ទពេញវង្ស ៦. ឱសថស្ថាន ព្រះអាទិត្យ ៧. ឱសថស្ថាន ចំការដូង ៨. ឱសថស្ថាន ហួត ថាវី ៩. ឱសថស្ថាន បុរីកីឡា ១០. ឱសថស្ថាន វឌ្ឍនៈ ១១. ឱសថស្ថាន ឃ្លាំងចែស្រី ១២. ឱសថស្ថាន តាំង សុខខេង ១៣. ឱសថស្ថាន ឈូកវ៉ា ១៤. ឱសថស្ថាន ទឹកល្អក់៣ ១៥. ឱសថស្ថាន ទួលសង្កែ ១៦. ឱសថស្ថាន ពៅ ម៉េងហួរ ១៧. ឱសថស្ថាន តាំង គឹមលី ១៨. ឱសថស្ថាន ជីវ តាំង និង១៩. ផ្សារឯកជន អូឡាំព្យា។
សូមជម្រាបថា មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់ចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាម ៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល។ ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល។

អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ៥តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល (រាជធានីភ្នំពេញ) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ៥តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


