ភ្នំពេញ ៖ នេះជារឿងដ៏សោកសៅបំផុតមួយ និងសឹងតែមិនអាចទទួលយកបានឡើយ សម្រាប់ក្រុមគ្រួសារ របស់ស្រ្តីអ្នកលក់អនឡាញម្នាក់ ដែលមិននឹកស្មានថា នាងត្រូវស្លាប់បាត់បង់ជីវិតទាំងខ្លួននៅវ័យក្មេង និងចាកចោលកូនឲ្យកំព្រា គ្មានទាំងម្តាយទាំងឪពុកហៅដូចកូនគេទៀតឡើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ។

យ៉ាងណាមិញ ជាមួយនិងការបាត់បង់ជីវិតស្រ្តីខាងលើ គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ ម៉ានែ ប៊ីយូធីសាឡន ដែលប្រហែលជាអ្នកស្គាល់ បានត្រឹមបង្ហោះសារជាមួយអារម្មណ៍ដ៏សែនក្តុកក្តួលថា៖ «បានត្រឹមតែកាន់ដៃកាន់លើកចុងក្រោយ អូនអើយអូន សូមអូនទៅឲ្យបានសុខណាអូន គ្មានអ្វីខ្លាំងជាងគ្រោះថ្នាក់ចរាចរណ៍ទេ សាហាវខ្លាំងជាងកូវីដទៀត អ្នកឆ្លងកូវីដនៅមានពេទ្យមើល»។ បើតាមម្ចាស់គណនីខាងលើ បានបញ្ជាក់ក្នុងខមិនបានឲ្យថា ស្រ្តីរងគ្រោះគឺជាស្រ្តីមេម៉ាយ ដែលបានលាចាកចោលកូនឲ្យកំព្រា គ្មានទាំងប៉ានិងម៉ាក់ហៅទៀតឡើយ។
រួមជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ Eïï Rã ក៏បានបង្ហាញពីអារម្មណ៍ស្លុតចិត្តខ្លាំង និងរៀបរាប់ទាំងស្ទើរមិនគួរឲ្យជឿថា «ទេីបនិយាយគ្នាថ្ងៃមុនសោះ មិនគួរឲ្យជឿ មិនពិតទេ ហេតុអ្វីទៅ ខ្ញុំទទួលយកមិនបានទេ មនុស្សល្អរបស់ខ្ញុំ សូមទៅឲ្យបានសុខណា ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ស្តាយមនុស្សល្អៗដូចបងណាស់ RIP»។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានបងប្អូនមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង និងព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់គ្រួសារនៃសពផងដែរ និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














