ភ្នំពេញ ៖ ស្របពេលដែលក្រសួងសុខាភិបាល ជូនដំណឹងអំពីមនុស្សនៅកម្ពុជាឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (ដែលតា) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចម្លងវីរុសនាបច្ចុប្បន្ន មានសម្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្ដិច្រើនកន្លែង ដូច្នេះក្រុមយុវវ័យនេះឯងប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ច្រើន និងលឿនជាងប្រជាពលរដ្ឋក្នុងវ័យផ្សេង។

ក្នុងខ្លឹមសារលិខិត លោករដ្ឋមន្រ្តី បានអំពាវនាវទៅកាន់យុវវ័យគ្រប់រូបថា សូមចូលរួមអនុវត្តនូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ, កុំទៅកាន់ទីតាំងដែលមានមនុស្សច្រើន ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬ
ឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានពន្យល់ថា ពាក្យស្លោក ” រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” គឺសំដៅឲ្យបងប្អូនប្រជាពលរដ្ឋ ចេះបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ តាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










