កំពត ៖ នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងណាស់ ខណៈដែលបានដឹងថា លោក ហាស់ សុបិន្ត ដែលមានមុខតំណែងជាមន្ត្រីឋានន្តរសក្តិថ្នាក់លេខ៤ ជាអភិបាលរងខេត្តកំពត ហ៊ានយករថយន្តជាកម្មសិទ្ធិរបស់រដ្ឋទៅកែផ្លាកលេខ យកទៅបញ្ចាំ ព្រោះតែដាច់លុយខ្លាំងពេក។

លោកអភិបាលរងខេត្ដកំពត ដាច់យ៉ៃខ្លាំងរូបនេះ ត្រូវបានដឹងថា បានលួចយករថយន្តម៉ាក Lexus LX570 មួយគ្រឿងពាក់ផ្លាកលេខ រដ្ឋ៥៤ ២-០៩៩៩ ដែលជារថយន្តកម្មសិទ្ធិរបស់រដ្ឋ យកទៅកែផ្លាកលេខភ្នំពេញ ២AB-7513 ហើយយកទៅបញ្ចាំក្នុងទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារ។
តែយ៉ាងណា ក្រោយពីបែកធ្លាយរឿងរ៉ាវដ៏ហួសចិត្តខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដកតំណែង លោក ហាស់ សុបិន្ត បច្ចុប្បន្នជាអភិបាលរងខេត្តកំពត ដោយបញ្ឈរជើងលោក មកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

នេះបើយោងតាមអនុក្រឹត្យសម្រេចមួយ របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន ចុះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់មាត្រា១ បានបញ្ជាក់ឲ្យដឹងថា ផ្ទេរភាកិច្ចលោក ហាស់ សុបិន្ត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពត មកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


