ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ួង វុទ្ធា កាលពីរសៀលថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០២១ បានសម្រេចឃុំខ្លួនបុរសម្នាក់ ជាឪពុកចុង ដែលបានសម្លាប់កូនស្រីចុងអាយុ០២ ឆ្នាំ ដោយប្រើ ជង្គង់សង្កត់ទ្រូងរបស់នាង រហូតដល់ថប់ដង្ហើមស្លាប់នោះ ទៅដាក់គុក នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នដើម្បីរង់ចាំជំនុំជម្រះ ទោសតាមច្បាប់។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ ដែលអង្គភាពសារព័ត៌មាន CEN ទទួលបាន នៅថ្ងៃសៅរ៍នេះ បានដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះ មានឈ្មោះនន ស្រីនិច អាយុ២ ឆ្នាំ ត្រូវជាកូនស្រីចុង របស់ជនជាប់ចោទ។
ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ” ឃាតកម្មដោយចេតនា” តាមមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី១០ ទៅ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាព។

ជនជាប់ចោទត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានសម្លាប់កូនស្រីចុង កាលពីរសៀលថ្ងៃទី៣០ ខៃមិថុនា នៅក្នុងចំណុច ផ្ទះជួលរបស់គាត់ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ៕ រក្សាសិទ្ធិដោយ៖ចន្ទាភា