Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចម្លងជំងឺកូវីដ១៩ នាបច្ចុប្បន្ន មានសន្ទុះកើនឡើងលើយុវវ័យ ខណៈអ្នកជំងឺកូវីដ ស្លាប់ភាគច្រើនជាមនុស្សចាស់ សុខភាពទន់ខ្សោយ និងមានជំងឺរុំារ៉ៃ

ត្បូងឃ្មុំ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ករណីអ្នកជំងឺកូវីដ១៩ ស្លាប់ភាគច្រើនជាមនុស្សចាស់ ដែលសុខភាពទន់ខ្សោយ និងមានជំងឺរុំារ៉ៃប្រចាំកាយស្រាប់។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ដក្រសួងសុខាភិបាល ថ្លែងបែបនេះ របស់ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្ដមសីហនុ ត្បួងឃ្មុំ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចម្លងជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ ពិសាអាហារ ឬគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ហើយបន្ដចម្លងជំងឺនេះទៅអ្នកផ្ទះ ដែលមានមនុស្សចាស់ បណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពួកគាត់ ខ្លះដល់បាត់បង់ជីវិត។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវវ័យ កុំធ្វើពិធីធំដុំ ដែលមានការជួបជុំមនុស្សច្រើន ពិសេសការផឹកស៊ីជុំគ្នា ព្រោះពេលត្រឡប់ទៅផ្ទះវិញ អាចនាំយកជំងឺកូវីដនេះ ចម្លងទៅអ្នកផ្ទះ ជាពិសេសមនុស្សចាស់ ដែលងាយរងគ្រោះបំផុត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា យើងឃើញហើយថា ករណីឆ្លងនៃជំងឺកូវីដ១៩ នៅតែបន្ដកើនឡើង ជារៀងរាល់ថ្ងៃ ហើយករណីស្លាប់ក៏មានកាន់តែច្រើន ដោយភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺរុំារ៉ៃស្រាប់។ ដូចនេះ សូមលើកទឹកចិត្ដដល់យុវវ័យ កុំធ្វើពិធីធំដុំ ដែលមានមនុស្សច្រើន មានការផឹកស៊ី និងពិសាអាហាររួមគ្នាជាដើម ចៀសវាងយកជំងឺកូវីដនេះ ទៅចម្លងអ្នកផ្ទះ ដែលមាន ម្ដាយ ឪពុក តា យាយ ចាស់ជរានៅផ្ទះ។ បច្ចុប្បន្ននេះ យើងក៏បានរកឃើញនូវវីរុសបំប្លែងថ្មីប្រភេទ Delta ជាច្រើនករណី ដែលរកឃើញទៅលើអ្នកដំណើរ វិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោក ដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើការពារ ៣កុំ និងកុំទៅកាន់ទីតាំងដែលមានមនុស្សច្រើន ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×