ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អ សម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយនៅមានការឆ្លងទៀត។

ឯកឧត្តម បន្តថា ការរៀបចំឱ្យមានការព្យាបាល អ្នកជំងឺកូវីដ១៩ តាមផ្ទះស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខរួចហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។
តាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ នារសៀលថ្ងៃទី៣កក្កដា នៅសាលារាជធានីភ្នំពេញ ឯកឧត្តមអភិបាលបន្តថា “យើងនឹងពិភាក្សាលម្អិតថែមទៀត ទៅលើយន្តការ ដែលត្រូវរៀបចំឲ្យបានល្អ ធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋ តាមតម្រូវការជាក់ស្តែង ។

ជាមួយគ្នានេះ លោកអភិបាលរាជធានី ស្នើអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់កិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំ ដល់ប្រជាពលរដ្ឋពីភាពចាំបាច់ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនីមួយៗ ត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញី ដោយជំងឺកូវីដ-១៩ ទាន់ពេលវេលា និងដោយការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
ឯកឧត្ដមឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើន ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះមែន តែមនុស្សដែលឆ្លងនោះ នៅមានកម្លាំងមាំមួន។ យើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះ កំពុងមានប្រសិទ្ធភាព ហើយការព្យាបាល នៅតាមផ្ទះ គឺកាន់តែចាំបាច់ និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំ ដល់ប្រជាពលរដ្ឋពីសារសំខាន់ នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយៈការធ្វើសន្និសីទសារព័ត៌មាន ឲ្យមានការយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយអាជ្ញាធរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





