Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោងជួញដូរគ្រឿងញៀន ឆ្លងដែនកូឡាំប៊ីម្នាក់ ដែលជាប់ទោស អស់មួយជីវិត សុំតុលាការកំពូល បន្ធូរបន្ថយទោស

ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃទី០២ ខែកក្តដា កន្លងទៅ បានជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់បុរសជាប់ចោទ ជនជាតិកូឡាំប៊ីម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសរូបគាត់ ដោយដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែនប្រមាណ ៤ គីឡូក្រាមពីប្រទេសកូឡាំប៊ីមកកម្ពុជា ប្រព្រឹត្តកាលពី អំឡុងឆ្នាំ២០១៧។

សវនាការនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោកចៅក្រុម សឹង្គ បញ្ញាវុធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលនឹងមានលោក ចាន់ ដារារស្មី ជាតំណាងមហាអយ្យាការ។

លោកសឹង្គ បញ្ញាវុធ បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ GONAZLE MARMDEJO JAIME ភេទប្រុស អាយុ ៦៣ ឆ្នាំ ជាជនជាតិកូឡាំប៊ី មុខរបរ មិនពិតប្រាកដ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០១៧ កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ដាក់ចូលក្នុង ថវិកាជាតិ ក្រោមការចោទប្រកាន់ ពីបទ ” ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែន” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿនញៀនកម្ពុជា។

លោកចៅក្រម សឹង្គ បញ្ញាវុធ បានថ្លែងថា ជនជាប់ចោទ GONAZLE MARMDEJO JAIME បានប្តឹងជំទាស់នឹងសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសរូបគាត់ អស់មួយជីវិត មកសាលាឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍បានតម្កល់ទោសរបស់គាត់ដដែល កាលពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០។

គាត់បន្តប្តឹងសារទុក្ខមកកាន់តុលាការកំពូល។

លោកចៅក្រមបានបញ្ជាក់ថា ជនចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈពេលគាត់ បានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និង ធើ្វដំណើរពីប្រទេកូឡាំប៊ី មករាជធានីភ្នំពេញ។

សមត្ថកិច្ចចនគរបាលម្រុះកម្ពុជា បានរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីន សរុបចំនួន ៣,៨៥៥. ២៨ក្រាម (ជិត៤គីឡូក្រាម) ដែលលាក់ទុកនៅក្នុងវ៉ាលីសរបស់គាត់។

នាពេលសវនាការជនជាប់ចោទឈ្មោះ GONAZLE MARMDEJO JAIME បានឆ្លើយសារភាព និងទទួលស្គាល់កំហុស ។ ក៏ប៉ុន្តែគាត់បាននិយាយថា គឿ្រងញៀនដែលសមត្ថកិច្ចចម្រុះ ដែលរឹបអូសពីគាត់នោះ មិនមែនរបស់គាត់នោះទេ។

GONAZLE MARMDEJO JAIME និយាយថា គ្រឿងញៀននេះ ជារបស់បុរសស្បែកខ្មៅម្នាក់ រស់នៅប្រទេសកូឡាំប៊ី ដែលមិនត្រូវបានចាប់ខ្លួន និងគេចខ្លួន។

គាត់និយាយថា បុរសស្បែកខ្មៅនោះ បានជួលគាត់ ដើម្បីនាំយកវាពីប្រទេសកូឡាំប៊ី មកស្រុកខ្មែរ ដើម្បីទូទាត់ នឹងប្រាក់បំណុល ដែលគាត់ និងក្រុមគ្រួសារ បានជំពាក់បុរសស្បែកខ្មៅនោះ។

គាត់បានសំណូមពរឲ្យតុលាការកំពូលមេត្តា បន្ធូរបន្ថយទោសគាត់ ឲ្យបានតិច ដើម្បីគាត់បានឆាប់បានវិញត្រឡប់ ទៅជួបជុំគ្រួសារគាត់វិញ នៅប្រទេសកូឡាំប៊ី។

សំណុំរឿងនេះ តុលាការកំពូល បានលើកពេលប្រកាសសាលដីការនៅថ្ងៃទី០៧ ខែ កក្តដា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×