ភ្នំពេញ ៖ ការដោះស្រាយករណីវិវាទ រវាងប្រជាពលរដ្ឋចំនួន ៣៧៥ គ្រួសារ ជាមួយនិងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ច វិនិយោគដំណាំអំពៅ ផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានបិទបញ្ចប់វិវាទដ៏រ៉ាំរ៉ៃទាំងស្រុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានបង្ហាញថា កិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនទាំង២របស់លោកឧកញ៉ាលី យ៉ុងផាត់ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាងក្រុមហ៊ុនវិនិយោគដំណាំអំពៅ តំណាងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋពាក់ព័ន្ធ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ជាលទ្ធផល ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានព្រមព្រៀងគ្នា បញ្ចប់ករណីវិវាទនេះ ជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋចំនួន ១៧៥គ្រួសារ យល់ព្រមទទួលដំណោះស្រាយជាដី ទំហំ៣ហិកតា និងថវិកា២.៥០០ដុល្លារ ក្នុងមួយគ្រួសារ ប៉ុន្តែមិនដោះស្រាយចំពោះប្រជាពលរដ្ឋ ដែលបានដោះស្រាយរួចនោះទេ ហើយក្រុមប្រជាពលរដ្ឋចំនួន២០០គ្រួសារផ្សេងទៀត បានយល់ព្រមទទួលដំណោះស្រាយជាដីទំហំ១,៥ហិកតា ក្នុងមួយគ្រួសារ។ ភាគីក្រុមហ៊ុនយល់ព្រមឱ្យរដ្ឋកាត់ដី៨២៥ហិកតា ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋក្នុងចំណោម១៧៥គ្រួសារ តាមសំណូមពរ។
ឯកអគ្គរដ្ឋទូតសហភាអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងរៀបចំប្រជុំ ដោះស្រាយវិវាទដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ៕ ដោយ ៖ បញ្ញាស័ក្តិ