ភ្នំពេញ ÷ ក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើន កំពុងប្រមូលផ្តុំគ្នា ក្នុងឃ្លាំងមួយកន្លែង បំបាំងភ្នែកសមត្ថកិច្ច បង្កើតសង្វៀនជល់មាន់យ៉ាងកក់ក្តៅ ដោយមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងមិនខ្លាចឆ្លងរាលដាលនូវជំងឺកូវីដ១៩នោះឡើយ។

ទីតាំងជល់មាន់ខាងលើនេះ គឺស្ថិតនៅផ្លូវបេតុង ជិតទីលានចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហើយទីតាំងជល់មាន់ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន ក៏មិនអាចដឹងបានដែរ ដោយសារតែម្ចាស់ទីតាំង គាត់មានការឈ្លាសវៃបំភាន់ភ្នែកសមត្ថកិច្ច ដោយបិទទ្វារចាក់សោរពីខាងក្នុង ហើយពួកគេទំនាក់ទំនងគ្នា តាមទូរស័ព្ទ ខណ:ពេលដែលក្រុមញៀនល្បែង ដឹកមាន់មកជល់ ទើបម្ចាស់សង្វៀន ចាក់សោរបើកទ្វារឲ្យចូលទៅខាងក្នុង អីចឹងហើយបានជាសមត្ថកិច្ចមូលដ្ឋាន អត់ដឹងថា មានល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់គាត់។
ចំពោះវង់ល្បែងខាងលើនេះដែរ ក្រុមការងារCEN បានទូរស័ព្ទទៅកាន់ លោកវរសេនីយ៍ត្រី ណេង សាមឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីសាកសួរ អំពីព័ត៌មានខ្លះៗ ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងខុសច្បាប់ តែលោកមេប៉ុស្តិ៍ បានឆ្លើយតបតាមទូរស័ព្ទវិញថា គាត់អត់បានដឹងទេ ចាំគាត់ឲ្យកូនចៅគាត់ ចុះទៅមើលសិន៕ រក្សាសិទ្ធិដោយ÷សួង សាម





