Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនអតីតបុគ្គលិកផ្នែកលក់ របស់ក្រុមហ៊ុនទិញលក់រថយន្ត​ ដោយបន្លំឯកសារ ឃុបឃិតជាមួយបក្ខពួក ទិញលក់រថយន្ត រាប់រយគ្រឿង លួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ

ភ្នំពេញ ៖ លោកហុងពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ ជា សុក្រឆាត អតីតបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ របស់ក្រុមហ៊ុនទិញលក់រថយន្ត ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ដែលបុគ្គលនេះ បានឃុបឃិតជាមួយបក្ខពួក ទិញលក់រថយន្ត រាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន លួចយកប្រាក់របស់ក្រុមហ៊ុនអស់ប្រមាណជិត២លានដុល្លារ។

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលេខ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ ដោយលោកហុងពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ជនត្រូវចោទ ជា សុក្រឆាត អាយុ៣៣ឆ្នាំ ទីកន្លែងកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៥៩សេ ផ្លូវលេខ២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ។


លោកចៅក្រម បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា សុក្រឆាត ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្តបានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់មានតួនាទី ជាបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និងក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្ត រាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

បុគ្គលនេះយកប្រាក់ពីអតិថិជនដែលបានបង់មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារ ទុកជាប្រាក់របស់ខ្លួន មិនព្រមប្រគល់ឲ្យក្រុមហ៊ុន ឃុបឃិតគ្នាជាមួយបក្ខពួក បន្លំអត្តសញ្ញាណធ្វើជាអតិថិជនមកទិញរថយន្តរាប់រយគ្រឿង ពីក្រុមហ៊ុន យករថយន្តទៅជួលបន្តឲ្យតតិយជនរកប្រាក់ចំណេញ។ ហើយក្រុមរបស់ខ្លួន (ជា សុក្រឆាត) បង់ប្រាក់ទិញរំលស់ចូលមកក្រុមហ៊ុនវិញនូវចំនួនទឹកប្រាក់តិចតួច លួចកាត់ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះបញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅទិញផ្ទះ ទិញដី បើកក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។ មិនតែប៉ុណ្ណោះបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និងមិនបានដាក់ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុន ជាច្រើនគ្រឿង ដោយយកលេសថា កំពុងដំណើការចុះបញ្ជីកាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២លានដុល្លារ។

តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកមានអតិថិជនមួយចំនួន បានមករាយការណ៍ផ្ទាល់ដល់ក្រុមហ៊ុន និងបានធ្វើជាការសហការបំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏ដូចជាការកឹបកេងប្រាក់របស់ក្រុមហ៊ុន ដែលអតិថិជនបានបង់ប្រាក់គ្រប់ចំនួនជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រឆាត ប៉ុន្តែបុគ្គលម្នាក់នេះមិនបានបង់ចូលមកក្រុមហ៊ុនទេ។ ដូច្នេះហើយ ក្រុមហ៊ុនសូមអំពាវនាវ ដល់អតិថិជនទាំងអស់ ដែលធ្លាប់បានចុះកិច្ចសន្យាទិញរថយន្ត បង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រឆាត ដោយប្រើប្រាស់នាមករណ៍ និងត្រាក្រុមហ៊ុន ឬបានកំពុងបង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូមចូលមកដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ ឲ្យបានឆាប់បំផុត ដើម្បីជៀស វាងការខាតបង់ប្រាក់ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×