Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិខ្មែរចំនួន២០នាក់ ធ្វើកម្មករសំណង់ខុសច្បាប់ ត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ពលករខ្មែរ ចំនួន២០នាក់ ជាកម្មករសំណង់ ធ្វើការងារនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកអភិបាលខេត្តស្រះកែវ ឲ្យធ្វើការត្រួតពិនិត្យ នៅតាមកន្លែងប្រកបអាជីវកម្មផ្សេងៗ និងកន្លែងធ្វើការ របស់ពលករបរទេស អាជ្ញាធរខេត្តស្រះកែវ សហការជាមួយសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ចុះត្រួតពិនិត្យបរិវេណកន្លែងសាងសង់អគារធ្វើការ និងអគារស្នាក់នៅ ក្នុងខេត្តស្រះកែវ ។

ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យខាងលើ អាជ្ញាធរថៃ និងសមត្ថកិច្ច បានរកឃើញពលករខ្មែរប្រុស ស្រី ចំនួន២០នាក់ កំពុងធ្វើការងារសំណង់ សមត្ថកិច្ចសុំត្រួតពិនិត្យឯកសារសម្គាល់ខ្លួន និងឯកសារអនុញ្ញាតឲ្យធ្វើការ ក្រោយពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យរកឃើញថា ពលករខ្មែរទាំងអស់ មិនមានលិខិតអនុញ្ញាតធ្វើការនោះឡើយ។​

យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចថៃ ធ្វើការសួរនាំតំណាងពលករខ្មែរម្នាក់ឈ្មោះ ភឿ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានឲ្យដឹងថា ខ្លួននិងមិត្តភក្តិផ្សេងៗទៀត មកធ្វើការងារក្នុងប្រទសថៃ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មិនបានចេញទៅណាឡើយ។ បន្ទាប់មកសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរប្រុស ស្រី ទាំង២០នាក់ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×