កណ្ដាល ៖ ២នាក់ប្ដីប្រពន្ធ កំពុងដេកក្នុងរោងចិញ្ចឹមទា ត្រូវឃាតករប្រដាប់ដោយកាំភ្លើងខ្លី ចូលបាញ់ប្រហារ បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម ប្ដីរងរបួសធ្ងន់ ។ សកម្មភាពបាញ់ប្រហារនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចរៀបរាប់ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរនាក់ បានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះ ក៏ដេកនៅរោងចិញ្ចឹមទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី៥ ខែកក្កដា២០២១ វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទា នៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួន។

ប្រភពដដែលបន្តទៀតថា ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា លោកកំពុងបញ្ជាកម្លាំងជំនាញ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនល្មើស មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
















