ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ ដែលនៅទីបំផុត សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យបុរសជនជាតិចិន យកសត្វតោរបស់ខ្លួនទៅចិញ្ចឹមនៅផ្ទះវិញ ដែលធ្វើឲ្យអ្នកស្រឡាញ់អាណិតសត្វយ៉ាងច្រើន បានសម្តែងនូវក្តីរំភើបជំនួសម្ចាស់និងសត្វតោនោះជាខ្លាំង។

នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច បានចេញសារប្រកាសកាលពីយប់មិញ (ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១) ថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ”។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។
ដោយយល់ឃើញថា សត្វតោត្រូវបានម្ចាស់ មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើន មានការអាណិតអាសូរ ដល់សត្វតោនិងម្ចាស់ ដែលថែរក្សាដែរនោះ មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញ ដើម្បីអនុញ្ញាតឲ្យម្ចាស់ បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះ មានកិច្ចសន្យាដែលមាន បំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ ទាក់ទងទៅនឹងបច្ចេកទេស នៃការចិញ្ចឹមដែលមាន លក្ខណៈសមស្រប តាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាព មិនឲ្យមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង។

ដោយឡែក ក្រឡេកមកមើលរូបភាពមួយសន្លឹកនេះវិញ គឺបានកំពុងឆក់យកបេះដូងអ្នកលេងហ្វេសប៊ុកខ្លាំងណាស់ ខណៈឃើញម្ចាស់ និងតោ បានយំឱបគ្នានៅក្នុងសួនសត្វភ្នំតាម៉ៅ បន្ទាប់ទទួលបានការអនុញ្ញាតពីសម្តេច បានយកតោមកចិញ្ចឹមនៅផ្ទះរបស់ខ្លួនវិញ និងក៏ត្រូវបានដឹងថា សូម្បីតែលុយ ៣០.០០០ ដុល្លារ ក៏សម្តេចតេជោ មិនឲ្យពិន័យផងដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ PorLeang Cheav បានបង្ហោះបែបនេះថា “ម្ចាស់តោនិងតោយំអោបគ្នាពេលបានតោមកចិញ្ចឹមវិញ អ្នកស្រឡាញ់សត្វបានដឹងអារម្មណ៍១នេះ រូប១សន្លឹកនេះឆក់បេះដូងអ្នកលេងfacebookខ្លាំងណាស់ លុយ៣០០០០$ ក៍សម្តេចតេជោ..មិនឲ្យពិន័យដែរ”។

ក្រោយពីបានឃើញបែបនេះ បងប្អូនមហាជន បានសម្តេងនូវក្តីត្រេកអរ និងក៏បានថ្លែងអំណគុណដល់សម្តេចជំនួសម្ចាស់តោថា «សូមអរគុណសម្តេចជំនួសម្ចាស់តោ អរគុណសន្តិភាព សម័យតេជេា មានសម្តេចតេជោ គឺមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ជារៀងរហូត, ជាមហាតិគុណ ជាញ្ញាណ ជាអារម្មណ៍ម្ចាស់មានសត្វចិញ្ចឹម សូមអរព្រះគុណសម្តេចដែលមានក្តីមេត្តា មិនថាឡើយមនុស្សឬសត្វ, ពិតជាសប្បាយចិត្តណាស់ ដែលបានឃើញវាត្រលប់មកវិញនាក់ដែលចូលចឹត្តទើបយល់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















